ខេត្តកំពង់ធំ៖ ប្រាសាទគុហនគរ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ចំណាស់មួយ ដែលមានអាយុកាលតាំង ពីសតវត្សទី១១ មានទីតាំងស្ថិតនៅខេត្តកំពង់ធំ ។
បើធ្វើដំណើរចេញពីទីក្រុងភ្នំពេញតាមបណ្ដោយ ផ្លូវជាតិលេខ៦បានប្រមាណ៩៦គីឡូម៉ែត្រ នឹងឃើញបដាមួយដែលគេសរសេរថា សូមស្វាគមន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទគុហនគរ ដែលស្ថិតក្នុង ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បន្ទាប់មក បើបទឆ្វេងធ្វើដំណើរតាមផ្លូវលំ ក្រាលគ្រួសក្រហមប្រមាណ២គីឡូម៉ែត្រពេលនោះនឹងឃើញមានការទទួលរាក់ទាក់របស់បងប្អូនប្រជាជនក្នុងភូមិ ដោយបញ្ចេញស្នាមញញឹមមកកាន់អ្នកធ្វើដំណើរដែលមកដល់ទីនោះ ជាមិនខាន ហើយថែមទាំងបានឃើញពីការរស់នៅបែបជនបទរបស់ប្រជាជនក្នុងភូមិនោះទៀតផង។ នៅពេលនោះ នឹងឃើញវត្តមួយ នៅខាងស្ដាំដៃ ដែលមានខ្លោងទ្វាពណ៌ផ្កាឈូក អមសងខាងដោយបង្កាន់ដៃរូបនាគដែលមានឈ្មោះថា វត្តគុហនគរ ហើយបត់ចូលតាមខ្លោងទ្វារវត្តនោះ នឹងឃើញ ប្រាសាទគុហនគរ ( ប្រាសាទគុហនគរនេះ ស្ថិតនៅក្នុងបរិវេណវត្តគុហនគរ)។
ប្រាសាទគុហនគរ មានផ្ទៃក្រឡា ២០០ x ២០០ម៉ែត្រការ៉េ ស្មើនឹង៤ម៉ឺនម៉ែត្រការ៉េ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទគុហនគរ មានបណ្តោយប្រវែង ៤៥ម៉ែត្រ និងទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញ ដោយរបងថ្មក្រៀម ដែលមានកម្ពស់៣ម៉ែត្រ។ ប្រាសាទគុហនគរចែកចេញជាបីផ្នែក៖
ផ្នែកទី១: មានកម្ពស់ ៨ម៉ែត្រ
ផ្នែកទី២: មានកម្ពស់ ១២ម៉ែត្រ
ផ្នែកទី៣: មានកម្ពស់ ១៥ម៉ែត្រ
ប្រាសាទនេះ កសាងបែរមុខទៅទិសខាងកើត។ នៅក្នុងបរិវេណខាងមុខ ប្រាសាទនេះ មានស្រះទឹកពីរ ស្រះខាងស្តាំដៃផ្លូវចូលគេហៅថា ស្រះស្រង់ ស្រះនៅខាងឆ្វេងដៃគេ ហៅថា ស្រះកែវ ហើយនៅចម្ងាយពីតួប្រាសាទទៅខាងមុខប្រមាណ ១៥០ម៉ែត្រ គេឃើញមានបាសាំងទឹកមួយ ដែលគេហៅថាបារាយណ៍តូច ដែលពីសម័យនោះ គេទុកសម្រាប់ឲ្យប្រជាជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងផ្នែកកណ្ដាល ឬផ្នែកទីបីនៃប្រាសាទដែលនៅលើខ្លោងទ្វាចូលមានក្បាច់ភ្ញីវល្លិក្នុងរចនាបថឃ្លាំង ដែលបង្ហាញពីឧបករណ៍សឹកសង្គ្រាម និងមានរូបព្រះឥន្ទជិះដំរីមានក្បាលបីដែលមានឈ្មោះថា ឥរាវន្ត។ នៅសងខាងទ្វារមាន សសរពេជ្រនិងសសរផ្អោប។ សសរផ្អោប គេឃើញម្ខាងមានរូបរាជសី ដែលជាស្ដេចសត្វជើងបួន ម្ខាងមានរូបមនុស្ស មានឈ្មោះ គ្រឹស្នៈ ដែលជាអវតារ របស់ព្រះវិស្ណុ ឬព្រះនារាយណ៍។
នៅក្នុងរូង មានគេតម្កល់ លិង្គព្រះឥសូរ និងយោនីនាងឳមា ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា និងជាទីសក្ការបូជារបស់ប្រជាពលរដ្ឋទាំងទីជិត ទាំងទីឆ្ងាយមកគោរពបូជា។
ខ្ញុំសង្ឃឹមថាប្រិយមិត្តនិងមិត្តៗយុវវ័យនឹងធ្វើដំណើរកម្សាន្ត និងទៅទស្សនារមណីដ្ឋានប្រវត្តិសាស្ត្រប្រាសាទគុហនគរនេះឲ្យកាន់តែច្រើនដើម្បីលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ឲ្យកាន់តែរីកចម្រើនដូចពាក្យមួយឃ្លាថា កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ៕ សូមអរគុណ!!