រោងទងកូរសមុទ្រទឹកដោះ ប្រាសាទអង្គរវត្ត នឹងមានការបំពាក់ពិតានក្បាច់ដូចដើមវិញ

0
1162

(សៀមរាប)៖ រោងទងកូរសមុទ្រទឹកដោះតាមរយៈការទាញព្រ័ត្រយកឈ្នះចាញ់រវាងពួកទេព និងពួកអសុរ នៃប្រាសាទអង្គរវត្ត ដែលស្ថិតនៅផ្នែកអាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់​ពិតាន​ឈើក្បាច់​ដូចដើម​ឡើងវិញ។

ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើ​តាម​​សំណល់បុរាណ ដោយមានក្បាច់ចំនួន ១០ប្រភេទ គឺក្បាច់ផ្កាចន្ទ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាច​បំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់​ពង​ត្រី​រង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។

ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនេះ គែឆ្លាក់តែជាងចម្លាក់ម្នាក់គត់ ដោយ​ឆ្លាក់តាម​ទម្រង់ដើម ដែលមានបន្សល់ទុកតាំងពីបុរាណកាលមក។ ម្យ៉ាងទៀត ទាំងសមត្ថភាពឆ្លាក់ និង​គុណ​ភាពរូបចម្លាក់ ក៏ត្រូវទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរដែរ។ រីឯ​ឈើ​ដែល​ត្រូវ​យកមកឆ្លាក់ធ្វើជាពិតាន គឺឈើគគីរ។ ហេតុផលដែលជ្រើសរើសឈើគគីរ ព្រោះ​ថា​ឈើ​ពិតាន​ដែល​បន្សល់ពីបុរាណ និងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង ក៏ជា​ប្រភេទ​ឈើគគីរដែរ។