ពោធិ៍សាត់៖ សក្តានុពលអេកូទេសចរណ៍ធម្មជាតិនៅតំបន់ការពារធម្មជាតិក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងត្រូវបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គម សេវាកម្មទេសចរណ៍ និងក្រុមការងារក្រសួងបរិស្ថានកន្លងមក។
មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានសម្រុកចូលមកទស្សនាតំបន់អេកូទេសចរណ៍ធម្មជាតិក្នុងស្រុកវាលវែងជាពិសេសតំបន់ឃុំអូរសោម។

លោក យ៉ត ស៊ីថា មន្ត្រីឧទ្យានុរក្សភ្នំសំកុសជា អ្នកនាំភ្ញៀវទេសចរបានលើកឡើងថា ស្ទើរ ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរបរទេសមកទស្សនាក្នុងតំបន់ការពារធម្មជាតិជាក្រុមគ្រួសារ និងជាក្រុមចម្រុះ ជាតិសាសន៍។
ក្នុងតំបន់នោះដែរ កន្លែងដែលចាប់អារម្មណ៍ បំផុត គឺតំបន់អូរសោម និងជួរភ្នំក្រវាញដែលមាន ទេសភាពស្រស់ត្រកាលពោរពេញដោយធនធានធម្មជាតិ។
ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត បានលើកឡើងថាមន្ទីរមានគម្រោង កែប្រែជីវភាពសហគមន៍ដោយការអភិវឌ្ឍន៍អេកូទេសចរណ៍ និងរៀបចំឲ្យមានប្រព័ន្ធអេកូទេសចរណ៍ ធម្មជាតិសំរាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយមន្ត្រីឧទ្យានុរក្សឲ្យប្រែក្លាយជាមគ្គុទេសទេសចរណ៍នាំភ្ញៀវក្នុងព្រៃ និងជាអ្នកការពារភ្ញៀវផងដែរ មិនតែប៉ុណ្ណោះ គ្រប់ស្នាក់ការតំបន់ និងសហគមន៍ តំបន់ការពារ ធម្មជាតិនឹងមានកន្លែងផ្តល់ពត៌មាន ទេសចរណ៍ និងមានសេវានាំភ្ញៀវទេសចរ៕