សមត្ថកិច្ចបង្ក្រាបកន្លែងផលិតបារី ESSE ក្លែងក្លាយរឹបអូសបាន៣៥តោន

0
768

កណ្តាលៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលមូលដ្ឋានកាលពីម្សិលមិញបានចុះបង្ក្រាបទីតាំងស្តុកបារីក្លែងក្លាយ ១ កន្លែង ស្ថិតនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រកឃើញបារី ESSE ក្លែងក្លាយសរុបមានចំនួន ៣៥ តោន។​

លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ថ្លែងប្រាប់ភ្នំពេញបុស្ដិ៍ម្សិលមិញថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនខ្មែរ ធីបថប អ៊ីមិច។

លោក ថ្លែងបន្ដថា៖«ឥឡូវយើងកំពុងបិទឃ្លុំបេសិន សរុបបារីទាំងអស់មាន ៣៥តោន ដោយឡែក មានសម្ភារផលិតបារី ESSE ប្រមាណ ១២ តោនទៀត»។

លោក ឡុង ស្រេង អះអាងថាម្ចាស់ផលិត និង ស្ដុបបារីក្លែងក្លាយនេះ គឺជាជនជាតិចិន មកដល់ល្ងាចថ្ងៃអង្គារនេះ នគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ២ នាក់ ចាត់ការទៅតាម នីតិវិធីច្បាប់ ហើយរឹបអូសបារីក្លែងក្លាយប្រមាណជាង ៣៥ តោនផងដែរ។

លោកឡុង ស្រេង បានបន្តទៀតថា រោងចក្រផលិតបារីនេះ បានផលិតបារីម៉ាក ESSE ម៉ាក MALBORROW និងបារីចិន ជាច្រើនម៉ាកទៀត ដោយបានយកទៅលក់ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក៕