កំណាព្យ៖ អត្ថប្រយោជន៍នៃក្រមា

0
1885

អំបោះក្នុងកីច្នៃជាក្រមា                                សំខាន់អស្ចារ្យសំរាប់អ្នកប្រើ

ផ្ត​​​ល់នូវក្តីសុខ​សព្វមុខសារពើ                     ខ្លាចតែអ្នកប្រើមិនយល់តំលៃ​។

ក្រមាតូចមួយជួយបានគ្រប់គ្រា                 គ្រប់ខែរងារដណ្តប់ជួសស្បៃ

ជួយជាកំរាលក្រាលគេងយប់ថ្ងៃ               ​វេចបាយចំណីតាមក្តីបំណង។

អ្នកធើ្វចំការក្រមាជាឈ្នួត                          ទទូរបង់ជួតពូតជាចំណង

គួចថ្នក់ដក់ងាយសំពាយជាយខ្នង           ជាអង្រឹងចងសំរាប់កូនង៉ា។

ផ្លាស់ប្តូរងូតទឹក​ព្រឹក​ល្ងាចយប់​ថ្ងៃ             កសិករ​ប្រុស​ស្រី​ប្រើ​ក្រមា

ជូត​ទឹកជូត​ញើសសំអាតកាយា                បត់កល់កេសា​ជំនួស​ខ្នើយកើយ។

ថ្ងៃ​ក្តៅ​បែក​ផ្សែងហួត​ហែង​ស្ងួតអង្គ         ក្រមាបត់បង់បក់​ឲ្យរហើយ

ជួយជា​កំ​លាំង​ញាំង​ចិត្តឲ្យ​ស្បើយ           ប្រាណ​ល្ហែបែរល្ហើយបានធូរ​អារម្មណ៍។

បើអ្នកប្រើចេះស្គាល់យល់តំលៃ               ក្រមាមានន័យប្រពៃពិតណាស់

ចេះប្រើចេះថែនៅក្បែជាមិត្ត​               ​      បើមិនចេះគិតពិតបង់អាសារ។

ក្រមាជាមិត្តពិតជាត្រឹមត្រូវ                        កុំប្រើខុសផ្លូវនាំអាស្រូវការ

ខ្លះគិតល្ងិតល្ងង់ចង់មរណា                       បែរយកក្រមាទៅចងក​​ ក

ក្រមាល្អស្រស់ស្មោះពិតប្រពៃ                  ក្រមាមានន័យដូចជាអ្នកក្រ

ក្រមាអ្នកស្រែខ្មែរកសិករ                           ក្រមាក្រីក្រតស៊ូជីវិត៕