នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល​ដល់​ក្នុង​ពិព័ណ៌សៀវភៅនាខែធ្នូនេះ​

0
997

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គ្រោង​នឹង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល នៅឯ​ពិធី​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ នៅ​បណ្ណាល័យ​ជាតិ នា​ចុង​សប្តាហ៍​នេះ។

សៀវភៅ​បី​ក្បាល ដែលមាន​ចំណងជើងខុសៗគ្នា​ហើយ ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ជិត១០០ឆ្នាំមុន ត្រូវបាន​រៀបរៀង​ឡើងវិញ គឺ​សៀវភៅ​ស្រី​ហិ​តោ​បទេស សៀវភៅ​ក្រម​ង៉ុ​យ និង​សៀវភៅ អ៊ូ ចុង។ សៀវភៅ​ទាំងបី​ក្បាល​នេះ នឹងត្រូវ​ចែកជូន​ជា​ចំណង​ដៃដល់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ទាំងឡាយ ចាប់ពី​ថ្ងៃទី០៧-០៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ឌី វិជ្ជា ប្រធានស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលជា​អ្នករៀបចំ​ចែកចាយ​សៀវភៅ​ទាំង៣ក្បាល​នេះ បានឱ្យដឹងថា «សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ចូលចិត្ត​អាន ចូលចិត្ត​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍​រហូតដល់​ទៅ៤ក្នុងពេល​តែមួយ»។

លោក ឌី វិជ្ជា បាន​បន្តថា ការចែកជូន​សៀវភៅ​ទាំងនេះ ជា​បំណងល្អ​របស់​សម្តេច​តេ​ជោ ដើម្បី​លើកស្ទួយ និង​ជំរុញ​វិស័យ​អំ​ណាន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ផុសផុល​ទូទាំងប្រទេស។

លោក Harry Truman អតីត​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ធ្លាប់​លើកឡើងថា «មិនមែន​អ្នកអាន​ទាំងអស់​សុទ្ធតែជា​មេដឹកនាំ​នោះឡើយ ប៉ុន្តែ​មេដឹកនាំ​ទាំងអស់​សុទ្ធតែជា​អ្នកអាន» ដែល​សំដៅថា បើ​មិនមាន​ទម្លាប់​អាន​ទេ អ្នក​ក៏​មិនអាច​ក្លាយជា​មេដឹកនាំ​បានដែរ។

សៀវភៅនីមួយៗសុទ្ធតែ​បង្កប់​នូវ​ទស្សន​អប់រំខុសៗគ្នា ជាកស្តែង​សៀវភៅ​ក្រម​ង៉ុ​យ​បាន​រំឭកថា «បើ​ចង់​ស្រាល​ខ្លួន រៀនសូត្រ​ឱ្យ​មួន ឱ្យ​មាំ​ឱ្យ​ស្ទាត់ កុំ​ចេះ​ស្ទាក់ស្ទើរ​ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ»។

ចំណែកឯ​សៀវភៅ អ៊ូ ចុង វិញ​បាន​អប់រំ​ថា «ត្រូវធ្វើ​បុណ្យ​ខ្នើត ម៉ែឪ​ស៊ី​កើត កំពុង​ស្រែក​ឃ្លាន ម៉ែឪ​នៅរស់ កូន​ត្រូវធ្វើ​ទាន បំបាត់​ក្តី​ឃ្លាន ហៅ​ធ្វើបុណ្យ​ខ្នើត។ ហៅ​បុណ្យ​ខែភ្លឺ កុំ​ចាំ​គាត់​ឈឺ បរិភោគ​លែងកើត ជូន​គាត់​កាល​ជា ហៅថា​បុណ្យ​ខ្នើត គាត់​បរិភោគ​កើត បាន​ជាង​រនោច។ លុះ​បាត់​ជីវិត បុណ្យ​ខែងងឹត ដូច​ថ្ងៃ​ដប់​រោច កូនចៅ​ទាំងឡាយ យក​បាយ​ឱ្យ​ខ្មោច ម៉ែ​ឥតប្រយោជន៍ ខ្មោច​ណា​ចេះ​ស៊ី»។

ដោយឡែក សៀវភៅ​ស្រី​ហិ​តោ​បទេស កាន់តែ​សម្បូរបែប​នូវ​ទស្សនៈ​ជាច្រើន ដែល​នាំទៅដល់​ការ​ត្រិះរិះ​ពិចារណា​គ្រប់បែបយ៉ាង ក៏ដូចជា​ការអប់រំ។ នៅក្នុង​វគ្គ​មួយ​បានសរសេរថា «បុគ្គល​មានចំណេះដឹង​តិច កាលបើ​បាត់បង់​ទ្រព្យ​អស់ហើយ កិច្ចការ​ផ្សេងទៀត​ក៏​វិនាស​ទៅ​ដែរ ដូចជា​ស្ទឹង​មានទឹក​តិច​នាពេល​រដូវក្ដៅ​មកដល់ ក៏​រីងស្ងួត​ហួតហែង​អស់រលីង»។

ពិធី​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​ប្រធានបទ៖ «សៀវភៅ​រស់ ចំណេះ​រីក»។ ដូច្នេះ​សូមឱ្យ​អ្នក​និយម​អាន​សៀវភៅ​ទាំងអស់ ទទួលបាន​នូវ​ចំណេះដឹង​កាន់តែច្រើន ប្រកបដោយ​ថាមពល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត និង​សក្តានុពល​កាន់តែខ្លាំង​រាល់​កិច្ចការ​ផងទាំងពួង រួមទាំង​ទ្រព្យធន​ផង៕