មណ្ឌលគិរី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ -កសិដ្ឋានចិញ្ចឹមពូជជ្រូកជនជាតិ ដែលក្រសួងបរិស្ថានបង្កើតគម្រោងកាលពីកំឡុងខែឧសភា ឆ្នាំ២០១៨ នៅដែនជម្រកសត្វព្រៃភ្នំណាមលៀរនោះគឺទទួលបានជោគជ័យជំហានដំបូងហើយ។ នេះបើតាមការបញ្ជាក់ពីលោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។
លោក វុធ សារុំ បានឱ្យដឹងថា គម្រោងរបស់ក្រសួងបរិស្ថានដែលរៀបចំឱ្យមន្ត្រីបរិស្ថាននិងឧទ្យានុរក្ស រៀបចំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនោះគឺទទួលបានជោគជ័យជំហានទីមួយកាលពីជាងកន្លះខែមុន។ ដោយបានដាក់កូនជ្រូកពូជចំនួន ៥៤ក្បាល ឈ្មោល ០៥ក្បាល នៅលើផ្ទៃដីព័ទ្ធរបងលួសទំហំ០៣ហិកតា។ លោកថា ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងផ្តល់ពូជមាន់មួយចំនួនទៀតដល់សហគមន៍តំបន់ការពារធម្មជាតិណាមលៀរ ដើម្បីលើកស្ទួយកម្រិតជីវភាពសហគមន៍ ក៏ដូចជាការជួយលើកស្ទួយកម្រិតជីវភាពមន្ត្រីនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរផងដែរ។
លោក វុធ សារុំ បានបន្តថា ពូជកូនជ្រូកជនជាតិដើមទាំងអស់បានត្រូវស្វែងរកទិញពីជនជាតិដើម ដើម្បីដាក់ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកភ្នំណាមលៀរ តាមគម្រោងរបស់ក្រសួងបរិស្ថាន។ ក្នុងនោះសហគមន៍ជនជាតិភាគតិចព្នង ថ្លែងគាំទ្រដំណើរការនៃគម្រោងបង្កើតកសិដ្ឋាន ចិញ្ចឹមជ្រូក ជនជាតិដើម នៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ការគាំទ្រនេះដែរក្រោយពេលដែល ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅបានចុះសិក្សាស្រាវជ្រាវពីលទ្ធភាពជ្រើសរើសទីតាំងផលិតកូនជ្រូក អំបូរពូជជ្រូកជនជាតិដើមភាគតិចក្នុងតំបន់ខាងលើ ហើយលទ្ធផលគឺនឹងត្រូវបង្កើតកសិដ្ឋានក្នុងតំបន់នេះ ក្នុងពេលខាងមុខនេះ។
សហគមន៍ជនជាតិដើមលើកឡើងថា ដំណើរការនៃការបង្កើតកសិដ្ឋាននេះសហគមន៍នឹងចូលរួមគាំទ្រ ដើម្បីទទួលបាននួវបទពិសោធន៍បន្ថែមពីអ្នកជំនាញដើម្បីបង្កើតមុខរបរផ្ទាល់ ខ្លួនជាលក្ខណៈគ្រួសារ ពិសេសផលិតផលសម្រេចនៃសាច់ជ្រូកនេះ អាចបង្កើនប្រាក់ចំណូល គ្រួសារ របស់ពួកគាត់បានមួយកម្រិតទៀត។
អភិបាលស្រុកពេជ្រាដា និងជាជនជាតិដើមភាគតិចព្នងផងនោះលោក មិល សឿន ក៏បានគាំទ្រលើគម្រោងខាងលើដែរ ព្រោះថា ការបង្កើតគម្រោងនេះអាចជួយដល់សហគមន៍និងមនុស្ស ជាច្រើនដែលពិសារសាច់ជ្រូកជាប្រចាំសាច់ជ្រូកលក់នៅលើទីផ្សារមិនដឹងប្រភពច្បាស់លាស់ ខ្លះចិញ្ចឹមស៊ីចំណីដែលមានសារធាតុគីមី អាចប៉ះពាល់ដល់សុខភាព។
អ្នកនិយមយកសាច់ជ្រូកជាម្ហូបអាហារលោក មុត ឡន បានពិពណ៌នាថា សាច់ជ្រូកជនជាតិដើម មានតម្លៃសមល្មមអាចរកទិញបានពីបងប្អូនជនជាតិដើម ហើយសាច់របស់វា អាចធ្វើម្ហូបបានគ្រប់មុខដូចជ្រូកបងប្អូន ខ្មែរចិញ្ចឹមដែរ ប៉ុន្តែសាច់របស់វាមានឱជារសឆ្ងាញ់ជាង ព្រោះពុំសូវមានខ្លាញ់ច្រើន។
ពាក់ព័ន្ធនឹងគម្រោងការបង្កើតកសិដ្ឋាននេះលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ពីប្រសាសន៍របស់ឯកឧត្តមអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃ ក្រសួងបរិស្ថាននោះថា ក្រសួងបានទុកពេលឱ្យក្រុមកាងារលោករយៈពេល១ខែ ដើម្បីធ្វើទីតាំងចិញ្ចឹមជ្រូក។ លោកថា យើងបានជ្រើសរើសទីតាំង ខាងក្រោយស្នាក់ការដែនជម្រក លើទំហំផ្ទៃដី០៣ហិកតា ដើម្បីធ្វើកសិដ្ឋាន។ នៅពេលនេះក្រុមឧទ្យានុរក្សកំពុងជម្រះរុក្ខជាតិតូចៗចេញ ដើម្បីឱ្យជ្រូកងាយដើរ ហើយដាំចេកព្រៃទុកជាចំណីនិងហ៊ុមព័ទ្ធ ផ្ទៃដីទាំងអស់(៣ហិកតា)កុំឱ្យជ្រូកចេញរួច ។
ប្រធានមន្ទីរបរិស្ថានបន្តថា គម្រោងការនេះនឹងជួយសម្រួលដល់ជីវភាពមន្ត្រី និងឧទ្យានុរក្សរបស់យើង។ សល់ពីនេះយើងនឹងចែកជួនដល់ប្រជាពលរដ្ឋវិញ និងបង្ហាត់បង្រៀនពួកគាត់ពីបច្ចេកទេស នៃការចិញ្ចឹម។កសិដ្ឋានចិញ្ចឹមជ្រូកនេះក៏នឹងរួមចំណែកស្វែងរកប្រាក់ចំណូលពីវិស័យទេសចរណ៍ផងដែរ ប្រសិនទទួលបានជោគជ័យ៕