កម្ពុជាគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកជនជាតិលើកដំបូងនៅខេត្តមណ្ឌលគីរី

0
1304

កាលពីពេលថ្មីនេះ​ ក្រសួងបរិស្ថាន គ្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកជនជាតិ មួយកន្លែង ក្នុងដែនជម្រកសត្វព្រៃភ្នំ ណាមលៀរ ស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន។ នេះបើយោងតាម លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំ ណាមលៀរ។

ពាក់ព័ន្ធនឹងរឿងនេះ ឯកឧត្តម ខៀវបូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានមានប្រសាសន៍ ក្នុងដំណើរចុះសិក្សាស្រាវជ្រាវមួយ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះថា​ ក្រសួងនឹងផ្តើមឱ្យមានគម្រោងបង្កើតកសិដ្ឋានមួយ ដើម្បីចិញ្ចឹមជ្រូកជនជាតិក្នុងដែនជម្រកសត្វព្រៃភ្នំ ណាមលៀរ។​​​

លោក វុធ សារុំ បានឱ្យដឹងដែរថា តាំងនាមដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោកពិតជារីករាយចំពោះគម្រោងចិញ្ចឹមជ្រូកពូជនេះណាស់ ហើយមន្រ្ដីឧទ្យានុរក្សក៏បានប្តេជ្ញា ចូលរួមអនុវត្តន៍គម្រោងនេះឱ្យបានជោគជ័យផងដែរ ក្នុងន័យសំដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស​ ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាសហគមន៍ រស់នៅក្នុងតំបន់នោះថែមទៀត។

​ជាមួយគ្នានេះ ប្រធានមន្ទីរបរិស្ថានខេត្ត លោក កែវ​ សុភគ៌​ បានក៏សម្តែងក្តីគាំទ្រ និងសប្បាយរីករាយ ចំពោះគម្រោងការខាងលើនេះថា ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​នឹង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​សហគមន៍​នឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​យ៉ាង​ប្រសើរ ហើយ​ក៏​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​នេះ​ទីផ្សារ​ជ្រូក​ជនជាតិ​មាន​តម្រូវការ​នឹង​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន។

គូសបញ្ជាក់ផងដែរថា ពូជជ្រូកទាំងនោះ ជាអំបូរពូជជ្រូកស្រដៀង និងសត្វជ្រូកព្រៃ (ជ្រូកកូនកាត់) ឬហៅថាជ្រូកជនជាតិ​ ដែលនិងមានវត្តមាន ចិញ្ចឹមជាលក្ខណៈស្តង់ដារក្នុងកសិដ្ឋាន​ ដែលក្រសួងត្រៀមនិងបង្កើត៕

អត្ថបទពី Business Cambodia