ភ្នំយាយសំ ល្បីថាមានទេសភាពស្រស់ស្អាត និងបង្កប់រឿងរ៉ាវអាថ៌កំបាំង

0
175

បន្ទាយ​មានជ័យ៖ មានរឿងច្រើនពាក់ព័ន្ធនឹងបារមីនៅភ្នំយាយសំ។ ព្រះចៅអធិការវត្តគិរីសំស័ក្តធ្លាប់ចាំឃ្លាំមើលអ្នកណាឱ្យប្រាកដដែលបោស សំអាតស្លឹកពោធិ៍នៅលើភ្នំ។ លទ្ធផលគឺ មិនឃើញ (ជាបារមី)។ ការ​ស្នងរូប (ផ្លូវក្នុង) ឃើញមានប្រាសាទលើកំពូលភ្នំមានលក្ខណៈដូចលានប្រជុំទ័ពកាលសម័យព្រះអង្គច័ន្ទរាជា។ នេះបើយោងតាមប្រភព Heritages Diary- បេតិកភណ្ឌ​ប្រចាំថ្ងៃ ។

នៅលើទីតាំងគ្រឹះប្រាសាទ ទាហានខ្មែរក្រហមបានយកគ្រឿងចក្រអិចទៅកាប់កាយដើម្បីកសាងទីតាំងកាំភ្លើងធំ។ នៅត្រង់នោះ ជាទួលមាន​រៀបថ្មបន្តុបលើគ្នាជាខឿន ហើយបច្ចុប្បន្ននេះ លើទួលនោះ មានអាស្រមដម្កល់រូបសំណាកព្រះមាតា។ មានស្រះទឹកមួយនៅជិតនោះដែលបច្ចុប្បន្នរីងខះ។ មានផ្ទាំងថ្មធំៗផុសដោយធម្មជាតិដែល​មានរូបរាងដូចសត្វនាគ។ ភ្នំយាយសំ វែងហើយ​មានល្អាងច្រើនដែលទាមទារការសិក្សាបន្ថែម។ គេអាចមើលឃើញទិដ្ឋភាព ក្រុងប៉ោយប៉ែតពីលើភ្នំនេះ។

នៅជើងភ្នំ ពលរដ្ឋធ្លាប់បានកាយដីឃើញវត្ថុបុរាណ (កុលាលភាជន៍ និងចម្លាក់ព្រះពុទ្ធបដិមាធ្វើអំពីថ្ម)។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ សម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់។

ក្រុមការងារបានថត នៅចុងខែធ្នូ ឆ្នាំ២០២០ ដើម្បីជម្រាបជូនអ្នកអានឱ្យស្គាល់ភ្នំយាយសំ ស្ថិតនៅភូមិយាយសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ។ សូមអញ្ជើញទៅកំសាន្ត!

ប្រភព​៖​ Heritages Diary- បេតិកភណ្ឌ​ប្រចាំថ្ងៃ