នៅ​រមណីយដ្ឋានវប្បធម៌​ធម្មជាតិ ភ្នំ​សរសៀ ខេត្ត​កែប ទេសចរ​ និយម​ចូល​កម្សាន្ត​

0
1426

ខេត្ត​កែប​៖ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ តែង​ឡើងទៅ​កម្សាន្ត នៅ​រមណីយដ្ឋានវប្បធម៌​ធម្មជាតិ ភ្នំ​សរសៀ ជា​រៀងរាល់ថ្ងៃដើម្បី​ស្រាវជ្រាវ ព្រមទាំង​គយគន់សម្រស់​ធម្មជាតិដ៏​សម្បូរបែប និង​ល្អ​ប្រណីត​។ សកម្មភាព​ទេសចរណ៍ដ៏​រស់​រវើក​នេះ ជា​ផ្នែក​មួយជួយ​ដល់​កុមារ ក្នុងភូមិ​ទទួលបាន​កម្រៃតាមរយៈ​ជំនាញ​ម​គ្គុ​ទេសផងដែរ​។​

​ដើម្បី​បាន​ដល់​រមណីយដ្ឋាន ដ៏​មនោ​រម្យ​មួយ​នេះ ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម ផ្លូវជាតិ​លេខ​៣៣ ក្នុងទិសដៅ កំពត​-​កែប ដល់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ ១៣-១៤ ត្រូវ​បត់​ចុះទៅ​ផ្នែក​ខាងឆ្វេង តាម​ខ្លោងទ្វារ​វត្តភ្នំ​សរសៀ​។
​តាម​​ដង​ផ្លូវលំ ប្រវែង​ប្រហែល ៥០០ ម៉ែត្រ​នោះ ភ្ញៀវ​ទាំងឡាយ នឹង​បាន​ដល់ទី​អារាម វត្តភ្នំ​សរសៀ ដែលជា​គោលដៅ នៃ​ដំណើរ​ឆ្ពោះទៅ​កម្សាន្ត នៅ​រមណីយដ្ឋាន វប្បធម៌​ធម្មជាតិ ស្ថិតក្នុង​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប​។​

​លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​រៀបរាប់ថា ភ្នំ​សរសៀ ជា​រមណីយដ្ឋាន វប្បធម៌​ធម្មជាតិ ដែល​បាន និង​កំពុង​ទាក់ទាញ ភ្ញៀវ​បរទេស ឱ្យចូល​កម្សាន្ត និង​ស្រាវជ្រាវ ពី​ប្រវត្តិ​នានា ដែល​កើតមានឡើង នៅលើ​កំពូលភ្នំ តូច​ទាប​មួយ​នេះ​។

​ពេលធ្វើ​ដំណើរ​ដល់ បរិវេណ​ភ្នំ​សរសៀ ដែលមាន​ចំណាស់ ជាង ៦០ ឆ្នាំ​នោះ ទេសចរ​ទាំងឡាយ នឹង​ទទួល​អារម្មណ៍​ជ្រះថ្លា ជាមួយ​ទីធ្លា​ធំ​ទូលាយ ក្រោម​ម្លប់ឈើ​ធំៗ ត្រឈឹងត្រឈៃ​។ ​បន្តដំណើរ​តាម​ជណ្តើរ ចំនួន ១០១ កាំ ឡើងដល់​កំពូលភ្នំ ភ្ញៀវ​អាច​គយគន់ គ្រប់​ទិដ្ឋភាព នៅ​តំបន់​ជុំវិញ ដូចជា​ភូមិឋាន​អ្នកស្រុក ទេសភាព​ស្រែ​ស្រូវ ចម្ការ​បន្លែ វាលស្រែ​អំបិល ផ្ទៃសមុទ្រ​ដ៏​ល្ហល្ហេវ ជាដើម​។

​លោក​អនុប្រធាន​មន្ទីរ បាន​បន្តថា នៅលើ​ទីតាំង​នៃ​ភ្នំ​តូច​ច្រឡឹង​នេះ មាន​ចេតិយ​បុរាណ ពីរ ដែល​បាន​សាង សង់​តាំង​ពីមុន​កំណើត នៃ​ទី​អារាម​វត្តភ្នំ​សរសៀ នោះ​គឺ​ចេតិយ​តម្កល់​ព្រះ​ធាតុ អគ្គមហេសី ព្រះរាជា​មួយ​ព្រះអង្គ និង​ចេតិយ​តម្កល់ ព្រះ​សារីរិកធាតុ ជាទី​សក្ការៈ​របស់ ពុទ្ធបរិស័ទ​។ រីឯ​នៅក្នុង​ភ្នំ​វិញ មាន​រូង​ជាច្រើន ដែល​ភ្ញៀវ​អាច ដើរ​គយគន់​ផ្ទាំងសិលា ជា​រូបសំណាក​សត្វ​ផ្សេងៗ កើត​ពី​សំណឹក នៃ​ដំណាក់​ទឹក រាប់រយឆ្នាំ​។ ក្នុងនោះ មាន​រូង​ស្រែ​មួយរយ រូង​ដំរី​ស ល្អាង​ប្រចៀវ​ជាដើម​។

​លោក​ប៉ុក ទាំង បាន​បញ្ជាក់ថា សម្រាប់​ភ្ញៀវ​ជាតិ មាន​វត្តមាន​ច្រើន តែ​រដូវ​បុណ្យទាន​ធំៗ ពិសេស​ឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ទើប​ពួកគាត់ ឡើងទៅ​ថតរូប ទុកជា​អនុស្សាវរីយ៍ ជាមួយ​ទេសភាព​ល្អ​ស្រស់ ដោយមាន​ផ្កា​ចម្រុះ​ពណ៌ រីក​ស្គុះស្គាយ ស្រប​នឹង​រដូវ​កាល​ផង​នោះ​។​

​លោក កែវ សារឿន មន្ត្រីនគរបាល​សណ្តាប់​ធ្នាប់ នៃ​អធិការដ្ឋាន​ក្រុងកែប បាន​រៀបរាប់ថា តាំងពី​លោក​មកឈរ​ជើង ប្រចាំការ​នៅ​រមណីយដ្ឋាន វប្បធម៌​ធម្មជាតិ ភ្នំ​សរសៀ​នេះ មិនដែល​មានរឿង​អាក្រក់​ណាមួយ កើតឡើង​ទេ​។ ជា​រៀងរាល់ថ្ងៃ តែង​ឃើញ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ ឡើង​កម្សាន្ត​ពី ២០នាក់​ទៅ៣០នាក់ ប៉ុន្តែ​បើ​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ពួកគេ​ចូលមក តិចតួច​ប៉ុណ្ណោះ​។ ចំណែក​ជនជាតិខ្មែរ ទោះបី​ថ្ងៃសីល មក​ធ្វើបុណ្យ​នៅ​វត្ត ក៏​មិន​ចាប់អារម្មណ៍ ឡើងមក​លេង នៅលើ​ភ្នំ​ដែរ​។

​មន្ត្រីនគរបាល​ដដែល បាន​បន្តថា ដោយសារ​សកម្មភាព​ភ្ញៀវ​បរទេស ម​កម​ក្សាន្ត​រៀងរាល់ថ្ងៃ បែបនេះ ធ្វើឱ្យ​ក្មេងៗ ក្នុងភូមិ​មានឱកាស រកប្រាក់​ចំណូល បាន​មួយផ្នែក​តាម រយៈ​ការនាំ ព្រមទាំង​រៀបរាប់​ប្រាប់​ភ្ញៀវ ពី​ប្រវត្តិ​ផ្សេងៗ តាម​រូងនិង​ល្អាង​ភ្នំ​នីមួយៗផងដែរ​។​ ប្រភព : រស្មីកម្ពុជា