សួនសត្វលំដាប់អន្តរជាតិនៅភ្នំពេញនឹងដំណើរការនៅខែមេសា តម្លៃសំបុត្រត្រឹម១០ដុល្លារ

0
1395

ភ្នំពេញ៖ សួនសត្វស្តង់ដារអន្តរជាតិជាងធំគេបង្អស់នៅកម្ពុជា «ភ្នំពេញ សាហ្វារី» គ្រោង​នឹង​បើក​ដំណើរការឲ្យចូលទស្សនានៅខែ មេសា ដែលតម្លៃសំបុត្រចូលទស្សនាត្រឹមតែ ១០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយនាក់ ។

លោក រឿង សុវណ្ណីកា អ្នកគ្រប់គ្រងលើការបញ្ជារទិញរបស់សូនសត្វ បាន​ប្រាប់​ពាណិជ្ជ​កម្ម​កម្ពុជា​តាមរយៈទូរសព្ទថា « សួនស្តវនេះ នឹងដាក់ដំណើរការ នៅខែមេសាខាងមុខនេះ ហើយ »។

លោកបានបន្តថា «សួនសត្វនេះ ត្រូវបានសាងសង់ឡើង ដោយ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ លើផ្ទៃដីប្រមាណ ៥ហិកតា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ»។

លោកបានបន្ថែមទៀតផងថា សួនសត្វនេះ មានសត្វគ្រប់ប្រភេទ ដូចសួនសត្វពេលដែលនៅខេត្តកោះកុងដែរ ដោយ​មាន​ការ​រចនាប្រកបដោយភាពឆ្នៃប្រឌិត និងទាក់ទាញ ហើយវានឹង​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

មិនតែប៉ុណ្ណោះ នៅទៅនោះ មានកន្លែង​សម្តែង​សត្វ​ខ្លា កន្លែង​សម្តែង​សត្វ​ក្រពើ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។

ក្រៅពីនេះ ក៏នៅមានភោជនីយដ្ឋាន កន្លែងលក់ភេសជ្ជៈ ព្រមទាំងមាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ទៀតផង​៕

 

ប្រភពពី Business Cambodia