រាជធានីភ្នំពេញ៖ សួនសត្វខ្នាតយក្សដំបូងបង្អស់នៅកម្ពុជា នឹងបើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាក្នុងអំឡុងខែមេសានេះហើយ។
សួនសត្វលំដាប់អន្តរជាតិនេះ មានទីតាំងស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្ទៃដី៨០ហិកតា និងចំណាយទុនវិនិយោគរហូតដល់ជាង ១០លានដុល្លារ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ LYP។
ជំនួយការគ្រប់គ្រងសួនសត្វដ៏ធំនេះ ប្រាប់ទៀតថា ភ្ញៀវអាចចូលទស្សនាចាប់ពីវេលាម៉ោង ៩ព្រឹកតទៅ ហើយមានការសម្ដែង Show ពិសេសៗពីសត្វជាច្រើនប្រភេទដូចជា៖ ការសម្ដែងរបស់ត្រីដូហ្វីន ក្រពើ ដំរី ស្វា ខ្លា តោ និងសត្វជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងតែឆ្លងកាត់ការបង្វឹកយ៉ាងពិសេស។ បន្ថែមលើពីនោះទៀតភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តទស្សនាទេសភាព ដ៏ស្រស់បំព្រងថែមទៀតផង។
លក្ខណៈដ៏ពិសេសមួយទៀតនោះ សួនសត្វខ្នាតយក្សនេះ ត្រូវបានឌីហ្សាញឡើងតាមបែបអឺរ៉ុប និងអាស៊ីបញ្ចូលគ្នា ដោយស្ថាបត្យករដ៏ល្បីល្បាញមកពីប្រទេសថៃ។ ក្នុងនោះមានការកម្សាន្តដ៏សម្បូរបែបដូចគ្នាទៅនឹងសួនសត្វលំដាប់អន្តរជាតិនៅលើពិភពលោកដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក រឿង សុវណ្ណនីកា។
សូមបញ្ចាក់ផងដែលថា៖ ចំពោះតម្លៃសំបុត្រចូលទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិ ត្រឹមតែ១០ដុល្លារ ឬស្មើនឹង ៤ម៉ឺនរៀលប៉ុណ្ណោះ។ ក្នុងនោះមានការផ្ដល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក និងមិនចាញ់សួនសត្វធំៗលើពិភពលោកឡើយ៕