តើ Pub Street​ ថ្មី​​ដែលគ្រោងនឹងបើកនៅអតីត​ផ្សារ Sorya Mall ចាស់អាចកែប្រែតំបន់នោះល្អប្រសើរ​បានទេ?

0
997
ធ្លាប់តែ​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​បារ៍ និង​កន្លែង​លេង​ហ្គេម វិនិយោគិន​ម្ចាស់​គម្រោង​នេះ​សង្ឃឹម​ថា វត្តមាន Phnom Penh Pub Street ថ្មី​នឹង​ស្តារ​ប្រជាប្រិយភាព​នៅ​តំបន់​នេះ​ឡើង​វិញ​

ក្រោយ​ការបាត់​មុខមាត់​បន្តិច​ម្តងៗ​ផ្សារ Golden Sorya Mall ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ​បាន​ចាប់ផ្តើម​ស្តារ​មុខមាត់​របស់​ខ្លួន​ឡើងវិញ​ហើយ​ដោយ​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ចុង​ខែ​នេះ​ជាមួយ​នឹង​កន្លែង​ ១ ​ដ៏ល្អ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អាហារដ្ឋាន​បើក​ដំណើរការ​​ ២៤ ​ម៉ោង​ជា​រៀងរាល់​ថ្ងៃ​។

គម្រោង Phnom Penh Pub Street នេះ​នឹង​មាន​ហាង​សរុប​ចំនួន​ ២៩ ដោយ​ហាង​ខ្លះ​មាន​កម្ពស់​ ២ ​ជាន់​ជាមួយ​នឹង​ការតុបតែង​ដ៏ទាក់ទាញ​ព្រម​ទាំង​មាន​កន្លែង​លក់​អាហារ​ច្រើន​ប្រភេទ និង​ច្រើន​មុខ​រួម​មាន​ម្ហូបអាហារ​បែប​ខ្មែរ កូរ៉េ និង​ម៉ិកស៊ិក​ជាដើម​។

លោកស្រី វ៉ាន់ ប៉ូលីន នាយិកា​គ្រប់គ្រង​ទូទៅ​នៃ Golden Sorya Mall បាន​និយាយ​ថា៖ «​នេះ​គឺជា​ប្រភេទ​គម្រោង​ដែល​មាន​ការពេញនិយម​ខ្លាំង​នៅ​បរទេស​។ វា​ទទួល​បាន​ភាពជោគជ័យ​ខ្លាំង​នៅ​ទីក្រុង​បាងកក ហើយ​វា​នឹង​អាច​ទាក់ទាញ​សម្រាប់​ប្រជាជន​ខ្មែរ​ព្រមទាំង​ជនបរទេស​ផងដែរ​»​។

មុន​នឹង​ស្តារ​ឡើងវិញ Golden Sorya Mall ធ្លាប់​ជា​កន្លែង​ដែល​មាន​សុទ្ធតែ​បារ៍ និង​កន្លែង​លេង​ហ្គេម​ដែល​មាន​អ្នករកស៊ី​ផ្លូវភេទ និង​អ្នក​ឆ្លៀតឱកាស​ជួញដូរ​គ្រឿងញៀន ហើយ​ជា​ញឹកញាប់​តែងតែ​កើត​មាន​ភាព​រញ៉េរញ៉ៃ​ទៀត​ផង​។

ចំណែក​បារ៍​ឈ្មោះ Pontoon នៅតែ​បើក​ទ្វារ​ដដែល​ដែល​បារ៍​នេះ​ជា​កន្លែង​ដ៏ពេញនិយម​បំផុត​នៅ​ពេល​រាត្រី​ដោយសារ​តែ​មាន​ឌីជេ​ល្បីៗ​មក​ចាក់​ភ្លេង ហើយ​មាន​ទីតាំង​ទល់មុខ​ក្លិប Heart of Darkness ដែល​ជា​ក្លិប​មាន​អាយុកាល​ដ៏ចំណាស់​ក្នុង​រាជធានី​ភ្នំពេញ​។

នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​តំបន់​នេះ​ពុំ​សូវ​មាន​ការ​អភិវឌ្ឍ​ទេ ដោយ​ខុសពី​តំបន់​ដទៃ​ទៀត​ដែល​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។ តំបន់​នេះ​ច្រើន​តែ​មាន​អ្នក​ញៀន​ថ្នាំ និង​អ្នក​ស្រវឹង ហើយ​នៅ​ពេល​ព្រឹក​ព្រលឹម​គេ​តែង​សង្កេត​ឃើញ​មាន​មនុស្ស​ដេក​នៅ​តាម​ចិញ្ចើមផ្លូវ ខណៈ​ដែល​អាណាព្យាបាល​ដឹក​កូន​មក​ចូល​រៀន​នៅ​សាលា​ក្បែរៗ​នោះ​។

ទិដ្ឋភាព​ខាង​ក្នុង​នៃ Phnom Penh Pub Street​

អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក​អាច​ជា​អ្នក​នឹង​លក់​សារធាតុញៀន​ឲ្យ​អ្នក​ជា​ជាង​ហៅ​អ្នក​ឲ្យ​ជិះ​រ៉ឺម៉ក​របស់​ពួកគាត់ ខណៈ​តំបន់​នេះ​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ស្រវឹង​ស្រា​។

ប្រសិន​បើ​គម្រោង​អភិវឌ្ឍន៍​នេះ​ជោគជ័យ វា​នឹង​អាច​ផ្តល់​នូវ​ជីវិត​ថ្មី​សម្រាប់​តំបន់​មួយ​នេះ​ដែល​ជា​កន្លែង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ដែល​និយម​ផ្សងព្រេង​ក្នុង​ការ​វិនិយោគ​។

Purple Inn សណ្ឋាគារ​ដែល​ទើប​បើក​ថ្មី​ស្ថិត​នៅ​ទល់​មុខ Pub Street នេះ​គឺ​មាន​អតិថិជន​ជាច្រើន​កំពុង​ស្នាក់នៅ​រួច​ជាស្រេច ខណៈ​បារ៍ All Sports ដែល​បើក​កម្មវិធី​កីឡា​ ២៤ ​ម៉ោង​នោះ​កំពុង​ទទួល​បាន​ជោគជ័យ​ជាខ្លាំង បើ​ទោះ​ជា​ទើប​បើក​បាន​ ១ ​ឆ្នាំ​ក្តី​។

ចម្ងាយ​ត្រឹម​តែ​ ៣០០ ​ម៉ែត្រ​ពី​ទី​នោះ Sorya Centre Point ដែល​បាន​ជួសជុល​រួចរាល់​កាលពី​ខែកុម្ភៈ​នោះ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដែល​ទីនោះ​រួម​មាន​ហាង​លក់​ទំនិញ​ម៉ាក​ល្បីៗ និង​រោងភាពយន្ត​ផង​ដែរ​។

ម្ចាស់​ហាង​នៅ​តំបន់​នេះ​ ១ ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា លោក​ពិតជា​រីករាយ​ចំពោះ​ការបើក​គម្រោង Phnom Penh Pub Street​។

លោក​និយាយ​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​អាច​ជួយ​បង្កើន​អតិថិជន​ឲ្យ​មក​ចូល​ហាង​ខ្ញុំ​កាន់តែ​ច្រើន​។ ​ប្រសិន​បើ​ពួកគេ​អាច​បោសសម្អាត​អ្នកញៀន​ថ្នាំ​ចេញ​ពី​តំបន់​នេះ​ទៀត​នោះ វា​នឹង​អាច​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត​ជាក់​ជា​មិនខាន​»​។

បច្ចុប្បន្ន​មាន​តូប​សម្រាប់​ជួល​ខ្លះ​ដែល​នៅ​ទំនេរ​នៅ​ឡើយ​ដោយ​មាន​តម្លៃ​ចាប់ពី​ ៩០០ ​ទៅ​ ២៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ ឆឺ បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​ថា៖ « ខ្ញុំ​ចាប់​អារម្មណ៍​គម្រោង​នេះ ហើយ​ខ្ញុំ​កំពុង​តែ​ស្វែងរក​ទីតាំង​ដើម្បី​បើក​ភោជនីយដ្ឋាន​កូរ៉េ​»​។

លោក Paul Ellender អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ​បាន​ថ្លែង​ថា​លោក​ជឿ​ថា​គម្រោង​នេះ​មាន​គុណសម្បត្តិ​យ៉ាងច្រើន​សម្រាប់​តំបន់​នេះ​។ លោក​បាន​អះអាង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​គម្រោង Golden Sorya Mall អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ហាង​ផ្សេងៗ និង​អាផាតមិន​ដែល​នៅ​ក្បែរ​នោះ​ដោយសារ​តែ​វា​នឹង​មាន​អ្នក​ទៅ​កម្សាន្ត​ ២៤ ​ម៉ោង​រួម​ទាំង​មាន​វត្តមាន​មនុស្ស​កាន់តែ​ច្រើន​នោះ វា​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​សុវត្ថិភាព ភាព​រីករាយ និង​កាន់តែ​ទាក់ទាញ​ក្នុង​រយៈពេល​ដ៏យូរអង្វែង​»​។

តើ​ការបើក​សម្ពោធ​គម្រោង​នេះ​អាច​នឹង​ជះឥទ្ធិពល​ដល់​តម្លៃ​អចលនទ្រព្យ និង​ថ្លៃឈ្នួល​តូប ឬទេ​?

លោក Ellender បាន​លើក​ឡើង​ថា​៖ «​គម្រោង​នេះ​គឺ​បាន​ដឹង​ជា​សាធារណៈ​អស់​រយៈពេល​យូរ​ដែរ​ហើយ​ដូច្នេះ​ខ្ញុំ​គិត​ថា​ឥទ្ធិពល​មួយ​ចំនួន​បាន​ជះឥទ្ធិពល​រួច​ហើយ​»​។

បើ​ទោះ​ជា​គម្រោង​នេះ​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃទី​ ៣០ ខែ​ឧសភា​នេះ​យ៉ាងណា​ក្តី​មាន​បារ៍​ចំនួន​ ២ ​បាន​បើក​ទ្វារ​រួចហើយ ហើយ​ក៏​ហាក់​ដូចជា​មាន​អតិថិជន​ចូល​ច្រើន​ដែរ​។

អ្នកនាង​ សុខ ធីដា ​អ្នកគ្រប់គ្រង​ហាង​មួយ​កន្លែង​បាន​និយាយថា​៖ «​គម្រោង​នេះ​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ​ណាស់​»៕

អត្ថបទដោយ : ណុប សុវណ្ណ