អភិបាលរាជធានីភ្នំពេញប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១២ដើម្បីត្រៀមផែនការធីបុណ្យជាតិធំៗ

0
637

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយមន្ត្រីជុំនាញពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទដើម្បីត្រៀមផែនការ រៀបចំព្រះរាជពិធី និងពិធីបុណ្យជាតិធំៗជាបន្តបន្ទាប់គ្នា នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអភិបាលគ្រប់ខណ្ឌ មន្ទីរនានាក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ តំណាងស្នងការនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំខាងលនេះ ដើម្បីប្រកាសសេចក្តីសម្រេច បង្កើតគណ:កម្មការ និងអនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក រៀបចខួបអនុស្សាវរីយ៍ លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ និងបុណ្យចូលឆ្នាំសកលដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ជាបន្តបន្ទាប់គ្នានេះ។

ឆ្នាំនេះក៏ដូចឆ្នាំមុនៗ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញ មកទទួលភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក។

ដោយឡែកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន នូវម៉ូតខ្លោងដែលមានសោភ័ណភាព ស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។

ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំង ដែលបានត្រៀមទុកជាស្រេច។

*ខ្លឹមសារអក្សរ៖ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក, ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

*៤ទីតាំង រួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ, របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត និងរបារកាត់ទទឹងតិរវិថីព្រះស៊ីសុវត្ថិចំណុចសួនព្រះគន្លុង។*ការទទួលរូបចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨៕