រដ្ឋបាលរាជធានីភ្នំបញ្ជាក់ឡើងវិញថា«ពុំមានផែនការវិនិយោគផ្សារដើមគរនោះឡើយ»

0
737
Phnom Penh Capital City reaffirmed that “there is no investment plan for the market”.

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកដីបឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត ជាពិសេសកន្លែងចែកចាយបន្លែ នៅផ្សារដើមគរ នឹងរើទៅផ្សារថ្មីនេះ។

ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងធ្វើចំណតរថយន្តនៅលើផ្ទៃដីបឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះ។

ក្រោយលេចចេញនូវសេចក្តីសម្រេចថ្មីនេះ បានធ្វើឲ្យបងប្អូនអាជីវករនៅទូទាំងផ្សារដើមគរ និងមជ្ឈដ្ឋានមួយចំនួន មានការព្រួយបារម្ភ ខ្លះព្រួយបារម្ភថា រដ្ឋនឹងរុះរើផ្សារដើមគរតែម្តង ហេតុដូច្នេះពួកគេនឹងលែងមានកន្លែងលក់ដូរតទៅទៀតហើយ។

ពាក់ព័ន្ធចំណោទបញ្ហាបែបនេះ និងដើម្បីបញ្ឈប់ការចែកចាយព័ត៌មានភ័ន្តច្រឡំទៅកាន់មហាជន ក៏ដូចជាបងប្អូនអាជីវករទាំងឡាយនៅផ្សារដើមគរនោះ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ គោលបំណងបញ្ជាក់ករណីនេះឡើងវិញឲ្យបានលម្អិត។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន នៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជា បងប្អូនអាជីវករ នៅផ្សារដើមគរឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើការវិនិយោគ ឬក៏ធ្វើការរុះរើផ្សារដើមគរ ដូចមតិភ័ន្តច្រឡំនោះទេ»។

អភិបាលរងរូបនេះ បានបន្តទៀតថា «អ្វីដែលយើងកំពុងធ្វើ ឬអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើ គឺការររៀបចំសណ្តាប់ធ្នាប់ ដល់អាជីវករលក់បោះដុំ បន្លែផ្លែឈើ នៅតាមផ្លូវសាធារណៈ ដែលចោលសំរាមពង្រាយពាសពេញផ្លូវរាល់ថ្ងៃ រាប់សិបតោន និងជាចំណតរថយន្ត។ មូលហេតុដែលយើងត្រូវរៀបចំ ដោយសារយើងមានតម្រូវការចាំបាច់មួយចំនួន នៅក្នុងក្របខ័ណ្ឌ រាជធានីភ្នំពេញ យើងត្រូវមានទីតាំងមួយសមស្រប សម្រាប់ការបោះដុំ បន្លែ និងផ្លែឈើគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារៀបចំ ធ្វើជាចំណតសមស្រប»។

លោកថា កន្លងមកនេះ ដោយសារតែយើង មិនទាន់មានទីតាំងធ្វើអាជីវកម្ម បោះដុំ បន្លែ និងផ្លែឈើនេះ គឺបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការលក់បោះដុំ បន្លែផ្លែឈើនេះ ទៅតាមដងផ្លូវ និងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវរបស់សាធារណៈ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាបរិស្ថាន អនាម័យ និងបញ្ហាផ្សេងៗទៀតផងដែរ។

តាមការលើកឡើងរបស់អភិបាលរងរូបនេះ ការរៀបចំបង្កើតផ្សារលក់បន្លែ ផ្លែឈើបោះដុំនៅលើផ្ទៃដី២០ហិកតា នៅបឹងតាមោកនេះ ដើម្បីឱ្យអាជីវកដែលមិនមានទីតាំងត្រឹមត្រូវ ប្រកបអាជីវកម្ម របស់ខ្លួន ឱ្យមានរបៀបរៀបរយ។ ដោយឡែកស ម្រាប់អាជីវករ លក់ដូរនៅក្នុងផ្សារ អាចធ្វើការបន្តអាជីវកម្មរបស់ខ្លួនជាធម្មតា ដោយពុំមានការវិនិយោគផ្សារដើមគរនោះទេ សូមកុំមានការព្រួយបារម្ភ ចំពោះមតិលើកឡើងណាមួយដែលផ្ទុយពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំណតរថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកលាពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានធ្វើសំណើមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។

ជាការកត់សម្គាល់ នៅតាមដងផ្លូវព្រះមុនីរ៉េត ប៉ែកខាងត្បូងផ្សារដើមគរ ជាពិសេសនៅពេលវេលាទៀបភ្លឺ បងប្អូនអាជីវករតែងតែយកចិញ្ចើមផ្លូវទាំងនេះ ធ្វើជាកន្លែងបោះដុំ ចែកចាយបន្លែ ផ្លែឈើតាំងពីដើមមក រកតែធ្វើចរាចរណ៍ឆ្លងស្ទើរមិនបានផង កត្តានេះមិនត្រឹមតែនាំឲ្យប៉ះពាល់ដល់បញ្ហាបរិស្ថាន សណ្តាប់ធ្នាប់នោះទេ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ក៏ជាចំណុចរស៊ើបផងដែរ ដែលអាចកើតមានឡើងគ្រប់ពេលវេលា៕

ក្រោយលេចចេញព័ត៌មានបង្កើតផ្សារបន្លែ

ក្រោយលេចចេញព័ត៌មានបង្កើតផ្សារបន្លែថ្មីនៅបឹងតាមោក, រដ្ឋបាលរាជធានីភ្នំពេញ ចេញមកបញ្ជាក់ឡើងវិញថា «ពុំមានផែនការវិនិយោគផ្សារដើមគរនោះឡើយ» (Video inside)

Gepostet von Fresh News am Donnerstag, 3. Januar 2019