រាជធានីភ្នំពេញ ត្រូវបានដាក់បញ្ចូលជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក

0
847

រាជធានីភ្នំពេញ ត្រូវបានដាក់បញ្ចូលជា រាជធានីនៃវប្បធម៌និងទេសចរណ៍ពិភពលោកជាផ្លូវការ។ នេះបើតាមសេចក្តីថ្លែងការណ៍ លោកបណ្ឌិត MIRCEA CONSTANTINESCU ប្រធាន​បណ្ឌិត​សភា​ទេសចរណ៍អឺរ៉ុប។

តាមសេចក្តីថ្លែងការដដែលឲ្យដឹងថា សព្វថ្ងៃភ្នំពេញកំពុងបង្ហាញនូវកិត្តិស័ព្ទ និងលក្ខណៈ​ពិសេស​របស់​ខ្លួន ​តាមរយៈទេសភាពនៃទេសចរណ៍ប្រកបដោយភាព​ចំរុះគ្នា ដោយ​មាន​លាយ​ឡំ​ដោយ​ធន​ធាន​ធម្ម​ជាតិ និងវប្បធម៌សម្បូរបែប។

ភ្នំពេញ ជាតំបន់ដ៏វិសេសវិសាលមួយ ដែលជាចំណុចប្រសព្វរវាងទន្លេទាំង៣ គឺទន្លេមេគង្គ ទន្លេបា​សាក់​ ទន្លេសាប ដែលជាទន្លេតែមួយគត់លើពិភពលោកហូរបញ្ច្រាស់រយៈពេល ៦ខែ ក្នុងមួយឆ្នាំ។

ក្រៅពីនេះ ភ្នំពេញក៏ជាកន្លែងប្រារព្ធពិធីធំៗជាច្រើនដូចជា បុណ្យអ៊ុំទូក សំពះព្រះខែ ព្រះរាជពិធី​ចត្រព្រះនង្គ័ល បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យពុទ្ធបូជា និងពិសាកបូជាជាដើម។

ក្នុងនោះ​មានទីកន្លែងសាសនា និងកេរ្តិ៍ដំណែល​បេតិកភណ្ឌ​ជាតិមួយ​ចំនួន​ត្រូវ​បាន​ចាត់​ទុក​ជាកន្លែង​សំខាន់ៗ​ដូចជា វត្តឧណ្ណាលោមត្រូវបានចាត់ទុកជាអសនៈព្រះពុទ្ធសាសនាកម្ពុជា និង​បាន​ប្រារព្ធ​ពិធីបុណ្យ​ជារៀងរាល់ឆ្នាំអស់រយៈពេល ៥៧៥ ឆ្នាំមកហើយ។

ទីកន្លែងប្រវត្តិសាស្ត្រមួយទៀតគឺវត្តភ្នំ ដែលកសាងឡើងនៅឆ្នាំ ១៣៧២ បាន​ក្លាយ​ជានិមិត្ត​រូបនៃ​រាជធានី​ភ្នំពេញ និងជាទីសក្ការៈបូជា ជាទីដង្វាយតូចៗ និងជាទីសមាធិជាដើម បើតាម​រឿង​ព្រេង​និទាន​វត្ត​ភ្នំ​ត្រូវបានចាត់ទុកជាកន្លែងតំកល់សព្វព្រះបាទពញ្ញាយ៉ាតផងដែរ។

ចំណែកឯវត្តលង្កានិងវត្តកោះ ត្រូវទទួលស្គាល់ថាជាវត្តចំណាស់មួយក្នុងចំណោមវត្តចំណាស់ទាំង៥ វត្ត​បុទុម​វត្តីជាអាគារសាសនាចំណាស់មួយ និងជាកន្លែងសក្ការៈបូជាតាំងពីឆ្នាំ ១៤២២ មកម្លេះ ចំណែក​វត្តនាគវ័នចាត់ទុកថាជាវត្តមួយស្ថិតក្នុងទេសភាពដ៏ស្រស់ត្រកាលនៃបឹងកក់។

ក្រៅពីទីកន្លែងសាសនា នៅមានកន្លែងទេសចរណ៍ផ្សេងទៀតដូចជា ផ្សារទួលទំពួង ផ្សារចាស់ ផ្សារ​កណ្តាល​ ផ្សាររាត្រី និងបណ្តុំផ្សារបុរាណជាច្រើនទៀត។

ជាចុងក្រោយសក្តានុពលវប្បធម៌មួយទៀត គឺសារៈមន្ទីជាតិ ត្រូវបាន​គេបោះ​ឆ្នោត​ជាសារៈ​មន្ទីពេញ​និយម​ជាងគេលើពិភពលោក ក្នុងនោះមានវត្ថុមានតម្លៃប្រមាណ ១៤ ០០០ ត្រូវ​បាន​បង្ហាញ​ដល់​ទេសចរណ៍​ជាតិ និងអន្តរជាតិ ៕