ភ្នំ​គូលែន​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​​ទាក់ទាញ​ថ្មី្​មាន​ស្ដង់ដាត្រឹមត្រូវ

0
1073

សៀមរាបៈ ក្រសួងទេសចរណ៍ មាន​គម្រោង​ជំរុញ​ការរៀបចំ​តំបន់ភ្នំ​គូលែន​ទៅជា «តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិ​សាស្ត្រ និង​ធម្មជាតិ» រួមទាំង «ទេសចរណ៍​ផ្សង​បែប​ផ្សងព្រេង» ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្តសៀមរាប-អង្គរ ដើម្បី​​បំពេញតម្រូវការ​ជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​​តែងតែ​ជំរុញឱ្យមាន​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែម។

ជា​ពិតណាស់ តំបន់ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​រួច​ទៅហើយ ហើយ​ក៏មាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជាច្រើន​ផងដែរ ប៉ុន្តែ​មិនទាន់មាន​ការរៀបចំ​ទៅតាម​ស្ដង់​ដា​ជាតិ និង​អន្តរជាតិ​នៅឡើយ។

នៅ​ទីនោះ​សម្បូរ​ទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា និង​បុរាណ​ដ្ឋា​ន​ដ៏​ច្រើន មាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅលើ​គិរី​បុព្វ​តា​ក៏​រឹតតែ​ស្រស់ត្រកាល ថែមទាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ និង​ទីប្រជុំជន​សៀមរាប​ប៉ុន្មាន​ឡើយ ហេតុនេះហើយ​បានជា​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ មានបំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យមាន​ប្រភេទ​ទេសចរណ៍​ផ្សេងទៀត​ដូចជា​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង ដូច​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង ភ្នំ​បូកគោ​ជាដើម។

ក្នុង​កិច្ច​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើនេះ លោក​រដ្ឋមន្ត្រី ថោង ខុន បានដាក់​ចេញ​នូវ​ផែនការ​មួយចំនួន​ឱ្យ «គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប» រួមគ្នា​អនុវត្ត​ឱ្យបាន ក្នុងនោះ​លោក​បាន​ជំរុញ​ឱ្យ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត រួមគ្នា​ជំរុញ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅលើ​ភ្នំ​គូលែន​នេះ ឱ្យបាន​សម្រេច​ជោគជ័យ​ឆាប់រហ័ស។

គណៈកម្មការ​អន្តរក្រសួង​នេះ ក៏បាន​ឯកភាពគ្នា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​នៅ​គោលដៅ​ទេសចរ​ដ៏ធំៗចម្បង សម្រាប់​ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែនការ​ជំរុញ​ការរៀបចំ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប ដែលមាន​ជាអាទិ៍៖ ការជួសជុល​ផ្លូវ​ក្នុង​ខេត្ត ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង ការផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង-រាវ សណ្តាប់ធ្នាប់​អនាម័យ​ក្នុង​ទីក្រុង។

ព្រមជាមួយ​នោះ អង្គប្រជុំ​ក៏បាន​ឯក​គ្នា​ប្រគល់​ភារកិច្ច​ជូន​លោក​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​អង្គប្រជុំ​សម្រប​ស​ម្រូ​ល​មួយ ដើម្បី​ប្រែក្លាយ​សហគមន៍​នេសាទ​ជ្រាវ​ទៅជា​សហគមន៍​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន​ដ៏​ទាក់ទាញ ឱ្យបាន​ឆាប់រហ័ស​ផងដែរ។

នៅក្នុង​អនុសាសន៍​ណែនាំ​នោះដែរ លោក ថោង ខុន ក៏បាន​ជំរុញឱ្យមាន​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការបណ្តុះបណ្តាល​ផ្ទៃក្នុង និង​ជំរុញ​ការអនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន «គណៈកម្មការ​ជាតិ​ផ្នែក​ជំនាញ​ទេសចរណ៍» ដោយមាន​ក្រសួងទេសចរណ៍​ជា​ប្រធាន ហើយ​សព្វថ្ងៃ​កម្ពុជា​បានដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​បណ្តុះបណ្តាល​អាស៊ាន លើ៣២មុខជំនាញ។

លោក​បាន​បន្ត​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​នៃ​វិស័យ​ទេសចរណ៍ (Tourism Leakage) ដែល​កើតចេញពី​ការ​នាំចូល​បន្លែ ផ្លែឈើ និង​សាច់​ពី​បរទេស ដោយ​ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញ​ក្រុង​សៀមរាប ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ។

ម្យ៉ាងទៀត ការត្រៀម​លក្ខណៈសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ដើម្បី​ធានា​ផលប្រយោជន៍​អតិបរមា​ពិសេស ការត្រៀម​លក្ខ​ណះ​ទទួល​ទេសចរ​ចិន​ដែល​នឹងមាន​កំណើន យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ ដោយ​ត្រូវ​អនុវត្តន៍​អោយបាន​ល្អ តាម​សៀវភៅ​ស្តីពី «China Ready» និង​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយឡែក​សម្រាប់​ភ្ញៀវទេសចរ​ចិន។

កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នេះ នឹង​បន្ត​នៅពេល៣ខែ​ខាងមុខ​ទៀត ដើម្បី​ត្រួតពិនិត្យ​លើ​លទ្ធផល​ដែល​សម្រេចបាន និង​ដើម្បី​ដាក់​ទិសដៅ​អនុវត្ត​បន្ត៕