រមណីយដ្ឋា​ន​អេកូទេសចរណ៍ធម្មជាតិ​​ភ្នំ​​ក្រោម​ ជាទីលម្ហែក្នុងខេត្តសៀមរាប​​​!

0
2000

ខេត្តសៀមរាប៖ ទីក្រុង​អង្គរ​បញ្ចេញ​សម្រស់ និង​កិត្ដិនាម​ដ៏ល្បីល្បាញ​ទាក់ទាញ​ចិត្ដ​ភ្ញៀវទេសចរ​គ្រប់​ច្រកល្ហក​ដែល​ពួកគេ​ខំស្កាត់​ពីជ្រុង​ទ្វីប​នានា​មក​ទស្សនា​អច្ឆរិយវត្ថុ​តាំង​ពីព្រឹក​ព្រលឹម​រហូតដល់​ថ្ងៃ​អស្ដង្គត។

តំបន់​ផាប់ស្ទ្រីត និង​ផ្សារ​ចាស់ ក៏បាន​អន្ទង​ចិត្ដ​ភ្ញៀវ​មក​កម្សាន្ដ និង​ទិញ​ទំនិញ​អនុស្សាវរីយ៍​ដ៏ពេញ​និយម​ផងដែរ។

យ៉ាងណាក្តី ក្រៅពី​ប្រាសាទ និង​ក្លិប​រាត្រី សៀមរាប​ក៏នៅ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ភ្នំក្រោម ក្បែរ​ជើងភ្នំ​ក្រោម​ជាទីឋាន​ផ្ដល់នូវ​ផាសុកភាព​ពីជំនោរ​ខ្យល់​ល្ហើយ​ត្រសៀក​ម្លប់ឈើ​ត្រឈឹង​ត្រឈៃ សួនផ្កា និង​ស្រះឈូក​ជាច្រើន​ទ្រក្យូស​លម្ហែ ជាអ្វី​ដែល​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ប៉ងប្រាថ្នា​ក្រោយ​ការដើរ​ទស្សនា​ប្រាសាទ​នឿយហត់។

ផ្ដើមពី​ច្រកចូល ​ស្ថិត​លើវិថី​ ទៅកាន់​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ភ្នំក្រោម ភ្ញៀវ​ហាក់​មាន​អារ​ម្ម​ណ៍​​​ត្រ​ជា​ក់​ចិត្ដ​ជាមួយ​នឹង​ម្លប់ឈើ​ខ្យល់​រំភើយ សួន​កម្សាន្ដ​របស់​កុមារ​ ខ្ចុះគូស្នេហ៍ និង​ ខ្ចុះ​ជុំញាតិ​គ្រួសា​រ​​មិ​ត្ដភក្ដិ​សង់​លើ​ស្រះឈូក​ បន្ដពី​ស្ពាន​ឈើ​សម្រាប់​គយគន់​សួនផ្កា​ចម្រុះពណ៌​នៅ​ចំកណ្ដាល​ទីធ្លា រួច​បន្ដទៅ​ស្រះធំ​សម្រាប់​ភ្ញៀវ​ជិះទា​កម្សាន្ដ ។

ស្ថិត​នៅ​លើ​ផ្ទៃដី​លាត​សន្ធឹង​ដ៏ធំ​ល្វឹងល្វើយ​ក្បែរភ្នំ​ក្រោម​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប រមណីយដ្ឋាន​អេកូទេសចរណ៍​ធម្មជាតិ​ភ្នំក្រោម ដែល​បាន​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវពី​ព្រឹក​ព្រលឹម​រហូតដល់​ម៉ោង ៩ យប់​រៀងរាល់​ថ្ងៃ​ជាមួយ​នឹង​សេវាកម្ម​ម្ហូបអាហារ ក្យូស​លម្ហែ សួនផ្កា សួន​កុមារ ជិះទា​ទឹក ស្ទូចត្រី និង​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេង។

ចំពោះ​ការចូល​កម្សាន្ដ និង​ថតរូប ភ្ញៀវ​ត្រូវទិញ​សំបុត្រ ១០០០ រៀល​ក្នុង​ម្នាក់ ហើយ​ឡាន​មាន​តម្លៃ ២០០០ រៀល។ ប៉ុន្ដែ​រមណីយដ្ឋាន ផ្ដល់​អាទិភាព​ភ្ញៀវ​មក​ទទួល​ទាន​អាហារ ដោយ​ពួកគេ​អាច​ប្រើ​វិក្កយបត្រ​ទូទាត់​ប្រាក់មក​ប្ដូរប្រាក់​ថ្លៃ​សំបុត្រ​វិញ ពោល​គឺ​ភ្ញៀវ​មក​ទទួលទាន​អាហារ​មិនត្រូវ​បានគិត​ប្រាក់ថ្លៃ​សំបុត្រ​ចូល​រីហ្សត​ឡើយ។

ក្រោម​បរិយាកាស​ដ៏ស្រស់​ត្រកាល​​នៃខ្ចុះ​សង់លើ​ស្រះ​ឈូក អម​ដោយ​សួនផ្កា​ចម្រុះ​ពណ៌ និង​សួន​ដំណាំ​ហូបផ្លែ​ដ៏ធំ​ល្វឹងល្វើយ រីហ្សត ស្ទួយ​សម្រស់​ធម្មជាតិ​មួយនេះ​មានភាព​ទាក់ទាញ​ភ្ញៀវ​ទាំងជាតិ និង​អន្ដរជាតិ​ខ្លាំង។

សូមបញ្ជាក់​ថា តម្លៃ​ម្ហូបអាហារ​ពិតជា​សមរម្យ​ដែល​អាច​ទទួល​យក​បាន​ចំពោះ​ភ្ញៀវ​ក្នុង​ស្រុក​ដោយ​មិនថ្លៃ​ជាង​បណ្ដា​ភោជនីយដ្ឋាន​ផ្សេងៗ​ឡើយ ៕#k26