រមណីយដ្ឋានប្រាសាទភ្នំឈ្ងោក

0
357

រមណីយដ្ឋានប្រាសាទភ្នំឈ្ងោក ស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៣ ដល់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ ត្រូវបត់ចុះតាមផ្លូវលំអភិវឌ្ឍន៍ ឆ្ពោះទៅផ្នែកខាងជើង ក្នុងចម្ងាយ ៦គីឡូម៉ែត្រនឹងប្រទះឃើញភ្នំមួយកម្ពស់ប្រហែល ៤០ម៉ែត្រ មានឈ្មោះថា «ភ្នំឈ្ងោក» ដែលជារមណីយដ្ឋានមានប្រាសាទសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំតែម្តង។

ពេលឡើងដល់លើភ្នំ ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពល្អស្រស់ត្រកាល នៃភូមិឋានអ្នកស្រុក និងចម្ការដំណាំនានា។ នៅលើកំពូលភ្នំ មានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។

សូមបញ្ជាក់ថា លក្ខណៈពិសេសនៃរមណីយដ្ឋានភ្នំឈ្ងោក គឺមានប្រាសាទបុរាណក្នុងរូងភ្នំ ដែលសាងសង់ពីឥដ្ឋ នាអំឡុងសតវត្សរ៍ទី៦។ ប្រាសាទភ្នំឈ្ងោក មានមហិទ្ធិឫទ្ធិ និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអតីតកាល។ ប្រាសាទភ្នំឈ្ងោក ជាបូជនីយដ្ឋានយ៉ាងសំខាន់ក្នុងសម័យ ដែលជនជាតិខ្មែរកាន់ព្រហ្មញ្ញសាសនា។ ការស្ថាបនាប្រាសាទក្នុងរូងភ្នំ ជាការបង្ហាញនូវទស្សនៈសំយោគ នៃមនោគមន៍វិជ្ជារវាងជំនឿខ្មែរ ក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម៕

ប្រភព៖ ក្រុមទេសចរខ្មែរ-Khmer Tourist