ដំណើរ​កម្សាន្ត​តាម​រទេះគោ​ លែង​មាន​អ្នកខ្វល់ និង​ស្ទើរតែ​បាត់បង់​នាពេល​បច្ចុប្បន្ននេះ

0
1773

កណ្តាល៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បានលើកឡើង​ថា ក្រៅពី​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេស​ចរណ៍ សំខាន់ៗមួយចំនួន​នៅក្នុង​ខេត្តកណ្តាល រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ព្រះរាជ​ទ្រព្យ កំពុងតែ​ស្រូប​យក​​អ្នកទេសចរ​ឲ្យ​ទៅកាន់​ទីនោះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្ដែ​​ដំណើរ​កម្សាន្ត​ តាម​រទេះគោ​ដែល​ស្ទើរតែ​បាត់បង់​អស់​ទៅហើយនាពេល​បច្ចុប្បន្ននេះ។

លោក​ជួប សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗកន្លងមក​ថា តាមរយៈ​នៃ​ការរៀបចំ​ឲ្យ​មានការ​ធ្វើដំណើរ​កម្សាន្ត​តាមរយៈ​ការ​ជិះ​រទេះគោ ភ្ញៀវ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​ការធ្វើដំណើរ​តាម​រទេះគោ​ហាក់​ធ្វើ​ឲ្យ​ពួកគេ​នឹកឃើញ​ដល់​អតីតកាល ។ រទេះគោ​ដែល​ដាក់​បម្រើភ្ញៀវ​ទេសចរ​នៅ​ទីនោះ​ជា​របស់​សហគមន៍ ហើយ​ពួកគាត់​បាន​តុបតែង​រទេះគោ​ដឹក​ភ្ញៀវ​គួរ​ឲ្យ​ទាក់ទាញ ។

លោក​ជួប សោ​ភ័​ណ្ឌ ថ្លែងថា «រទេះគោ​ទាំងអស់នោះ​យើង​បានរៀបចំ​ជា​របៀប​រទេះគោ បុរាណ​សុទ្ធសាធ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​បាន​ស្គាល់​អំពី​ទ្រង់ទ្រាយ និង​ស្នាដៃ​នៃ​ប្រជាជន​កម្ពុជា ។ ខ្ញុំ​រំពឹងថា ការ​ជ្រើស​យក​រទេះគោ​បែប​បុរាណ​សម្រាប់​ភ្ញៀវទេសចរ​ជិះ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ គឺជា​ការអភិរក្ស​រទេះ​គោ​ផង និង​ទាក់ទាញ​ភ្ញៀវទេសចរ​ផង ហើយក៏​ជា​ផលិតផល​ថ្មី​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផងដែរ »។

ដូច​ការរំពឹងទុក​ភ្ញៀវទេសចរ​ចូលចិត្ត​ជិះរទេះ​គោ​ដែល​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវទេសចរ​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​កាន់តែ​ច្រើនឡើង ។

លោក​ជួប សោ​ភ័​ណ្ឌ យល់ថា ហេតុដែល​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ក៏​ព្រោះតែ​រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​ផង និង​ជា​តំបន់​ប្រវត្តិសាស្ត្រ ខណៈដែល​តំបន់​នេះ​ជាទី​តាំង​រាជធានី​នៃ​ប្រទេស​កម្ពុ​ជានា​សម័យបុរាណ​ផងដែរ ។

មន្ត្រី​ជំនាញ​បាន និង​កំពុង​យកចិត្តទុកដាក់​បង្កើត​ផលិតផល​ទេសចរណ៍ ថ្មីៗបន្ថែមទៀត ដែលមាន​លក្ខណៈ​បែប​ប្រពៃណី​បុរាណ​សម្រាប់​បម្រើ​ភ្ញៀវទេសច​រ​នៅ​តំបន់​នោះ ។

លោក​ប្រធាន​មន្ទីរ​លើកឡើងថា ប្រសិនបើ​ការរៀបចំ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ទទួល បាន​ជោគជ័យ​នោះ លោក​នឹង​ឈានទៅ​រៀបចំ​រមណីយដ្ឋាន​មួយចំនួនទៀត​ក្នុង​ខេត្តកណ្តាល ដោយ​យក​លំនាំ​តាម​ការរៀបចំ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ពិសេស​រទេះគោ​បុរាណ​តែម្តង ។

លោក​អះអាងថា «ការរៀបចំ​រមណីយដ្ឋាន​ប្រកបដោយ​ជោគជ័យ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ​សហគមន៍​ទទួលបាន​ផលប្រយោជន៍ ហើយ​ផ្តើម​ពី​នោះ​ពួកគាត់​នឹងចូលរួម​ជាមួយ​យើង ។ ដូច្នេះ​តួនាទី​ប្រជាពលរដ្ឋ​នោះ​សំខាន់​ខ្លាំងណាស់ មិនអាច​មើលរំលង​បានទេ ។ អ៊ីចឹង​ហើយ​បានជា​មន្ទីរ​ទេសចរណ៍​យកចិត្តទុកដាក់​ក្នុងការ​ពន្យល់​និង​បង្ហាញ​ប្រជាពលរដ្ឋ​អំពី​អត្ថប្រយោជន៍​ដែល​ពួកគាត់​ទទួលបាន» ៕