ឆ្នាំ២០១៨អត្រា​ចិញ្ចឹមសត្វ ដើម្បី​ពាណិជ្ជកម្ម​មានការ​កើនឡើង

0
1126

សៀមរាបៈ លោក សុខ ស៊ា​ង​លីម ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ​នៃ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នៅ​ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃអង្គារ ទី២៣ ខែមេសានេះ ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​អត្រា នៃ​ការ​ចិញ្ចឹមសត្វ ដើម្បី​ធ្វើ​ពាណិជ្ជ​កម្មបាន​កើន​ឡើងជា​បន្តបន្ទាប់ និង​បាន​ជួយ​លើកស្ទួយ សេដ្ឋកិច្ចជាតិ​បាន​មួយចំនួន​ផងដែរ។

លោក​បន្តថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ២០១៨ កន្លងមកនេះ អត្រា​ចិញ្ចឹម សត្វ ដើម្បី​ពាណិជ្ជកម្ម​មានការ​កើនឡើង​លើស​​ផែនការ​បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំ២០១៧ ខណៈ​ឯការ​ចិញ្ចឹមសត្វ ដើម្បី​យក​កម្លាំង​សម្រាប់​អូសទាញ​មាន​ការ​​ថយចុះ។

Officials say that 2018, the rate of animal raising for trade is increasing

លោក​បានបញ្ជាក់ នៅពេលដែល​ការចិញ្ចឹម​សត្វ​ ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​នេះ មានការ​កើនឡើង ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​មន្ត្រី​ជំនាញ​ព្រោះថា បើ​អ្នក​ផលិត​ចំណី​សត្វ​ធ្វើ​មិនបាន​ត្រឹមត្រូវ បណ្តាលឱ្យ​ចំណី​ដែល​សត្វ ស៊ី​នោះ មាន​មេរោគ​នៅក្នុង​សាច់ ហើយ​យកទៅលក់​នៅលើ​ទីផ្សារ វា​និង​ធ្វើឱ្យប៉ះពាល់​ដល់ សុខភាព​អ្នក​បរិភោគ។

លោក​បន្ថែមថា ដូច្នេះ​នូវ​រាល់​ការធ្វើ​អាជីវកម្ម​ផលិត​ចំណី​សត្វ ឬ​ការ​ចែកចាយ​ចំណី សត្វ​ទាំងអស់​ត្រូវ​មានការ​គ្រប់​គ្រង់​និង​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​យ៉ាង​យកចិត្តទុកដាក់​បំផុត។

ជាក់ស្តែង​នៅថ្ងៃនេះ នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម បាន​អញ្ជើញ​អ្នក​ផលិត និង​អ្នក​ចែកចាយ​ចំណី​សត្វ​ទាំងអស់​នៅ​ខេត្តសៀមរាប ឱ្យមក​ទទួល​នូវ​ចំណេះដឹង​បន្ថែមទៀត​ទាំង​របៀប​ផលិត និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នេះ ដើម្បីឱ្យ​ពួកគាត់​បានដឹង​កាន់តែច្បាស់​ថា បើសិន​អ្នកណា​ផលិត​ចំណី​សត្វ​មិនបាន​ត្រឹមត្រូវ​បណ្តាលឱ្យ​សាច់សត្វ ដែល​ស៊ី​ចំណី​នោះ​មាន​មេរោគ​និង​បង្កបញ្ហា​អ្នក​បរិភោគ​ពួកគាត់​និង​មានទោស។

លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា នៅក្នុង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ជាការ​ពិតណាស់​នៅក្នុង​ខេត្តសៀមរាប​នេះ ក៏​អត្រា​នៃ​ការ​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មានការ​កើនឡើង​ដែរ ដែល​កត្តា​ទាំងនេះ បានធ្វើការ​ផ្គត់ផ្គង់​សាច់​នៅលើ​ទីផ្សារ​នៅ​ខេត្តសៀមរាប​ភាគច្រើន​ជា​សាច់សត្វ​នៅក្នុង​ស្រុក ហើយ សាច់សត្វ​ដែល​នាំចូល​គឺមាន​ចំនួន​តិច។

លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ   ខេត្តសៀមរាប​បានទទួល​សាច់ជ្រូក ប្រមាណ​ជាង ១៣តោន សម្រាប់​ផ្គត់​ផ្គង់​​នៅលើ​ទីផ្សារ ក្នុង ១ថ្ងៃ​ហើយ​សត្វ​ជ្រូក​ភាគច្រើន គឺជា​ជ្រូក​ក្នុងស្រុក ហើយ​និង​សាច់សត្វ​ចិញ្ចឹម​នៅក្នុង​ខេត្ត​ច្រើន​តោន​ទៀត​ត្រូវបាន​យក​ផ្គត់ផ្គង់ ហើយ​សាច់​ទាំងនោះ​គឺជា​សាច់​ដែលមាន​គុណភាព និង​សុវត្ថិភាព៕