ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

0
1104
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ភ្នំពេញ៖ ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដោយមានការចូលរួមពី ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សា ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) មានប្រវែង៩៧១ម៉ែត្រ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ រាជធានីភ្នំពេញ ហើយត្រូវបានសាងសង់និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៣។ ដោយសារកំណើនសេដ្ឋកិច្ច រំហូរចរាចរណ៍កើនឡើងជាលំដាប់ និងមានភាពទ្រុឌទ្រោមដោយអន្លើ ស្ពាននេះត្រូវបានបើកការដ្ឋានជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយប្រើប្រាស់ថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ទំហំទទឹងស្ពាននេះមានប្រវែងសរុប១៣,៨ ម៉ែត្រ ដោយទ្រូងផ្លូវប្រវែង (២គន្លង) ផ្លូវសម្រាប់ទោចក្រយានយន្តមានទទឹងសរុប ៣,៨ ម៉ែត្រ (គិតទាំងសងខាង) ផ្លូវថ្មើរជើងទទឹង ២,២ ម៉ែត្រ (គិតទាំងសងខាង) និងបង្កាន់ដៃទាំងសងខាងមានទំហំ ០,៨ម៉ែត្រ អមដោយបង្គោលភ្លើង LED ៣៥ដើម ជួសជុល និងស្ដារឡើងវិញដោយក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនអូបាយ៉ាស៊ី និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសិនត្រល ខនសាល់ធេន អ៊ីន ដោយប្រើបច្ចេកវិទ្យាថ្មីរបស់ជប៉ុនដែលធ្វើឱ្យស្ពានស្វិតមិនងាយប្រេះ និងជាប់បានយូរ។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ដោយសារការអនុវត្តគម្រោងនេះបានបញ្ចប់រួចរាល់មុនការគ្រោងទុក និងដើម្បីសម្រួលការធ្វើចរាចរណ៍ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

សូមបញ្ជាក់ថា៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ គឺជាស្ពានដែលមានវ័យចំណាស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិបានយ៉ាងឆាប់រហ័ស តាមរយៈការជំរុញសង្វាក់ដឹកជញ្ជូនផលិតផលនានាពីខេត្តភាគខាងកើត និងខាងជើងចូលមកកាន់ទីក្រុងភ្នំពេញ និងទៅបណ្ដាខេត្តផ្សេងៗទៀត ដែលធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានភាពស្រប់បំព្រង ស្របតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម៕

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

សកម្មភាពក្រោយពេល​បើកឲ្យដំណើរការឡើងវិញជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) នាព្រឹក​ ថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០១៩៖