ទឹកធ្លាក់អូរជាំខេត្តបាត់ដំបង ភ្ញៀវទេសចរអាចទៅលេងកម្សាន្តបានគ្រប់រដូវកាល

0
231

បាត់ដំបង៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាលនិងជារៀងរាល់ថ្ងៃដោយសារទីនោះមាន ទេសភាពស្រស់បំព្រងមិនថារដូវប្រាំងឬរដូវវស្សាឡើយ។

ទឹកធ្លាក់អូរជាំ កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សងព្រេង ដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹប រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ងូតទឹកធ្លាក់ដ៏ត្រជាក់កាយ រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។

ទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់ ៣០ ម៉ែត្រហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗនិងមានប្រភពទឹកធ្លាក់ពីលើភ្នំ  ដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ។ ភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំ ព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗពិសេសពិសាអាហារប្លែកៗក្នុងតំបន់ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាច សិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធប្លែកៗជាមួយនឹងធម្មជាតិទៀតផង។

កាលណាយើងធ្វើដំណើរតាមជ្រលងភ្នំ យើងឃើញទិដ្ឋភាពប្រជាកសិករយើងធ្វើដំណាំកសិកម្មហើយយ៉ាងណាមិញនៅពេលដែលយើងចូលទៅតំបន់នោះពោរពេញទៅដោយទឹកធ្លាក់ដែលត្រជាក់មានផ្ទៃដីទូលំទូលាយប្រមាណជាង ២គីឡូម៉ែត្រហើយមានថ្មភ្នំធម្មជាតិស្អាតៗដោយមាន ដើមផ្កាដើមឈើប្រណិតធំៗដែលជាទីទាក់ទាញភ្ញៀវទេសចរហើយជាពិសេសទៀតនៅលើខ្នងភ្នំនោះយើងអាចសំឡឹងមកឃើញតំបន់ផ្សេងៗទៀត ពិសេសនោះគឺយើងអាចឃើញរហូតទៅដល់សមុទ្រថៃឯណោះ។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រពីក្រុងបាត់ដំបង៕

ប្រភព៖ វិទ្យុជាតិកម្ពុជា