
ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប គ្រោងនឹងចំណាយថវិកាប្រមាណ ៨៨០លានដុល្លារ លើផ្ទៃដីទំហំ ៧៥០ហិចតា នៅក្នុងស្រុកសូទ្រនិគម ជាយក្រុងសៀមរាប។ តាមគម្រោងនឹងត្រូវប្រើពេលយ៉ាងហោចណាស់ពី ៣ ទៅ ៥ឆ្នាំ ទើបបញ្ចប់ការសាងសង់។ នេះបើតាមអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ខណៈនេះ ក្រុមអ្នកអភិវឌ្ឍព្រលានយន្តហោះបាននាំក្រុមកម្មកររបស់ខ្លួន និងឧបករណ៍ ដោយកំពុងពង្រាប សម្អាត និងឈូសឆាយដីនៅទីតាំងគម្រោងនោះហើយ។ លោក ស៊ិន ចាន់សិរីវុត្ថា បានបន្ថែមថា ក្រុមការងារ នឹងធ្វើការសាងសង់ផ្លូវចូល អគារស្ថានីយ បំពាក់អំពូលបំភ្លឺ និងគ្រឿងបរិក្ខារផ្សេងៗទៀតដែលចាំបាច់ទៅតាមគម្រោង។
គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងធ្វើឡើងជាបីដំណាក់កាល៖
- ដំណាក់កាលទី១. ក្រុមហ៊ុននឹងវិនិយោគ៥០០លានដុល្លារក្នុងការឈូសឆាយ សាងសង់ស្ថានីយ និងបំពាក់គ្រឿង។
- ដំណាក់កាលទី២. សាងសង់ផ្លូវ ដែលអាចអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ដូចជាយន្តហោះ ប្រភេទប៊ូអីង៧៣៧( Boeing 737) និង អ៊ែរប៊ឺស អេ៣២០(Airbus A320) ចុះចតបាន។
- និងដំណាក់កាលទី៣. មានទឹកប្រាក់៣០០លានដុល្លារផ្សេងទៀត ត្រូវបានត្រៀមទុកក្នុងការពង្រីកព្រលាន។
- កាលពីខែតុលាឆ្នាំ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនេះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិន គ្រប់គ្រងអស់រយៈពេល៥៥ឆ្នាំក្រោមយន្តការ (BOT)៕ ប្រភព : sabay