
ខេត្តពោធិ៍សាត់ ៖ ផ្លូវដ៏វែងអន្លាយពុះជ្រែកភ្នំចិនយំ ស្ថិតក្នុងខេត្តពោធិ៍សាត់ កាត់តាមស្រុក ក្រវាញ ស្រុកវាលវែង រហូតដល់ស្រុកថ្មបាំង ព្រំដែនកម្ពុជា-ថៃ កំពុងត្រដាងសម្រស់ទាក់ទាញមនុស្សម្នាឲ្យចង់ទៅឃើញផ្ទាល់។
ផ្លូវមួយនេះ ជាទ្រព្យដ៏មានតម្លៃក្នុងការជួយដល់ប្រជាជនក្នុងតំបន់ឱ្យមានជីវភាពខ្ពស់ បង្កើនល្បឿននៃការអភិវឌ្ឍវិស័យ ទេសចរណ៍ និងការកែលម្អកម្រិតការដឹកជញ្ជូនក្នុងខេត្តពោធិសាត់ឲ្យកាន់តែប្រសើរឡើងថែមទៀត។
តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិលេខ៥៥នេះ មានប្រវែងជាង ១៨២គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។ ជាផ្លូវហាយវេថ្នាក់ទី៣ និងត្រូវបានកំណត់ល្បឿនក្នុងការបើកបរ នៅតំបន់ធម្មតា គឺក្នុងល្បឿន60km/ម៉ោង។ ចំពោះផ្លូវស្ថិតក្នុងតំបន់ភ្នំ គឺបានកំណត់ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។
ផ្លូវជាតិលេខ៥៥ គឺជាបណ្ដាញផ្លូវដ៏សំខាន់មួយ នៃការតភ្ជាប់ការដឹកជញ្ជូនពីខេត្តពោធិ៍សាត់ ទៅតភ្ជាប់នឹងផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀត នៃព្រំដែនកម្ពុជា-ថៃ ហើយវាជាផ្នែកមួយដ៏សំខាន់បំផុតនៃបណ្ដាញផ្លូវ នៅភាគខាងលិច ប្រទេសកម្ពុជា៕