«អូរទទា» ជាគោលដៅទេសចរណ៍ថ្មីរបស់ខេត្តបាត់ដំបង

0
490

បាត់ដំបង៖ លោក ហម អរុណ ប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញនូវ តំបន់ទេសចរណ៍ថ្មីមួយកន្លែងបន្ថែមទៀត នៅក្នុងខេត្តបាត់ដំបង ដើម្បីជាគោលដៅ និងជាជំរើសថ្មីដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងការជ្រើសរើសទីកន្លែងកម្សាន្តដ៏គួរឲ្យមនោរម្យប្រកបដោយការទាក់ទាញអារម្មណ៍នៅពេលបានទៅដល់ និងទៅកម្សាន្តទីនោះ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក ក្នុងនោះ​ «អូរទទា» គឺជាគោលដៅទេសចរណ៍ថ្មីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសេរីវ័ន្ត ឃុំអណ្តើកហែប នៃស្រុករតនៈមណ្ឌល របស់ខេត្តបាត់ដំបង។ ដែលមានចំងាយប្រមាណជា ៤៣គីឡូម៉ែត្រពីទីប្រជំុជនក្រុង-ខេត្តបាត់ដំបង។​ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧.ពេលធ្វើដំណើរទៅដល់ស្ពានអូរអណ្តូង ត្រូវបត់ឆ្វេង និងជិះចូលប្រមាណ ២គីឡូម៉ែត្រ និងទៅដល់គោលដៅតំបន់កម្សាន្ត «អូរទទា» តែម្តង។ «អូរទទា» គឺជាឈ្មោះរបស់ អូរបុរាណមួយដែលមានប្រភពទឹកហូរមកពីអូរអណ្តូង និងធ្លាក់ចុះមកកាន់ស្ទឹងសង្កែរបស់ខេត្តបាត់ដំបង។

នៅទីរមណីយដ្ឋានថ្មីមួយកន្លែងនេះ គឺមានទេសភាពដ៏ស្រស់ត្រកាល និងរុក្ខជាតិដុះអមមាត់ស្ទឹង ធ្វើឲ្យទឹក មានសភាពស្រស់ថ្លា ដោយក្រាលដិយដុំថ្មតូចធំ ក្រួសអាចម៍ផ្កាយ ចាំងឆ្លុះដល់បាតស្ទឹង។ និងថែមទាំងបង្កលក្ខណៈងាយស្រួល ក្នុងការចុះហែលលេងទឹកស្ទឹង ដែលក្រាលដោយដុំថ្មធម្មជាតិ ព្រមទាំងមានហ្វូងមច្ឆជាតិ និង ធម្មជាតិ ដ៏ស្រស់បំព្រងដ៏គួរឲ្យទាក់ទាញ និងបានគយគន់នូវចំការតាង៉ែន ស្វាយ ផ្កាចម្រុះ ទីកន្លែងកញ្ចុះមាត់ទឹក កន្លែងបោះតង់ និងចងអង្រឹងនៅក្រោមម្លប់ឈើ ដ៏ត្រឈឹងត្រឈៃ ហើយក៏ជាកន្លែងថតនិងផ្តិតរូបទេសភាពធម្មជាតិនៅមាត់ទឹក ដ៏ស្រស់ស្អាតគួរជាទីមនោរម្យ ដល់ការទៅកម្សាន្តលេង របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ៕ ផែនទី: https://goo.gl/maps/xDK7azgu18XcPxGZ6.