ខេត្តស្ទឹងត្រែង៖ ប្រាសាទបុរាណមួយកន្លែងដែលគេបោះបង់ចោលរាប់រយឆ្នាំទើបនឹងរកឃើញថ្មីក្នុងខេត្តស្ទឹងត្រែង។ប៉ុន្តែមន្ទីរជំនាញវប្បធម៌និងវិចិត្រសិល្បៈខេត្តគ្រោងដាក់បញ្ជូលកំណត់ត្រាបញ្ជូនទៅក្រសួងដើម្បីអភិរក្សជាសម្បត្តិរប្បធម៌ជាតិ។
ទាក់ទងទៅនឹងការអភិក្សប្រាសាទបុរាណខាងលើនេះលោកថោងស្រាន់អភិបាលស្រុកសៀមបូកបានប្រាប់អ្នកសារព័ត៌មានថាកាលពីកន្លងទៅលោកនិងមន្ត្រីបានចុះមូលដ្ឋានដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល។
ពេលចុះទៅកាន់ភូមិដាច់ស្រយាល ក្នុងព្រៃត្រើយខាងលិច ដងទន្លេមេគង្គត្រង់ចំណុចអូរក្រាក់ស្ថិតនៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែងជាប់នឹងស្រុកសម្បូរខេត្តក្រចេះ។អ្នកភូមិបានប្រាប់យើងថាមានប្រាសាទបុរាណមួយកប់នៅក្នុងដីព័ទ្ធទៅដោយព្រៃព្រឹក្សាគ្មានការថែទាំរាប់រយឆ្នាំមកហើយ។ពេលក្រុមការងារចុះទៅមើលក៏ឃើញបំណែកនិងផ្ទាំងថ្មប្រាសាទមួយចំនួនក្រោយពីជនខិលខូចគាស់កកាយរកកំណប់។
បន្ទាប់មក លោក ក៏បានរាយការណ៍ទៅមន្ទីរជំនាញវប្បធម៌និងវិចិត្រសិល្បៈខេត្តចុះទៅអភិរក្សប្រាសាទដែលទើបនឹងរកឃើញថ្មីនោះ។លោកអភិបាលស្រុកសៀមបូក បាននិយាយទៀតថា នៅពេលថ្មីៗនេះលោកនឹងមន្ទីរជំនាញ បានចុះទៅម្តងទៀត ដើម្បីកំណត់ទីតាំងព្រំប្រទល់អភិរក្សប្រាសាទកំណប់បង្កើតទៅជាទិសដៅតំបន់ទេសចរណ៍។
លោក ថោង ស្រាន់បាននិយាយថាទំហំផ្ទៃដីចំនួន៤០០ហិកតា ជុំវិញត្រូវបានកំណត់ព្រំអភិរក្សទួលប្រាសាទកំណប់នៅទីនោះ ដើម្បីរក្សាទុក មិនឱ្យមានអ្នកទៅព័ទ្ធយកជាកម្មសិទ្ធិទីនោះឡើយ។ការអភិរក្សតំបន់ប្រាសាទបុរាណ មួយនេះគឺដើម្បីរក្សាកេរ្តិ៍មរតកដូនតា ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយ បានស្គាល់។ម្យ៉ាងទៀត ទំហំផ្ទៃដី៤០០ហិកតានេះ ក៏អាចរក្សាបាននូវធនធានធម្មជាតិមួយផ្នែកផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបានអបអរសាទរចំពោះអាជ្ញាធរនឹងមន្ទីរជំនាញដែលបានអភិរក្សប្រាសាទកំណប់មួយនោះ។ហើយក៏សង្ឃឹមថានឹងមានមនុស្សជាច្រើនបានស្គាល់ពីប្រាសាទដែលរកឃើញនៅក្នុងព្រៃដាច់ស្រយាលក្រោយពីមានការរៀបចំទៅជាតំបន់ទេសចរណ៍ឡើង។
លោកស្រី ញ៉ោច សាវឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈស្តីទីខេត្តស្ទឹងត្រែងបាននិយាថា លោកស្រីគាំទ្រ ចំពោះការអភិរក្សប្រាសាទបុរាណមួយនេះ។បន្ទាប់មក នឹងធ្វើកំណត់ត្រាដាក់បញ្ជូល ទៅក្នុងបញ្ជីបញ្ជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីដាក់ប្រាសាទកំណប់ ដែលទើបនឹងរកឃើញថ្មីនេះទៅជាសម្បត្តិវប្បធម៌ដែលខេត្តស្ទឹងត្រែងមានមួយបន្ថែមទៀត។
គួរបញ្ជាក់ថាខេត្តស្ទឹងត្រែងមានប្រាសាទចំនួន៧កន្លែងរួចទៅហើយដែលត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីកំណត់ត្រារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕ ប្រភព : រស្មីកម្ពុជា