កូនសត្វស្លាបប្រភេទរងគ្រោះជាសកលជិត៧០០០ក្បាល ទទួលបាន ការការពារនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា

0
935

ខេត្តព្រះវិហារ (ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨) – គិតចាប់តាំងពីឆ្នាំ ២០០២មក ក្រសួងបរិស្ថាន សមាជិកសហគមន៍ និងអង្គការ WCS បានរួមគ្នាថែរក្សា និងការពារសត្វស្លាបប្រភេទរងការគំរាមកំហែង ជាសកលចំនួន១១ប្រភេទដែលមានសំបុកទាំងអស់សរុបចំនួន៣៨១៣ ហើយញាស់បានជាកូនចំនួន៦៨០៦ក្បាលនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ខេត្តព្រះវិហារ។

ដើម្បីដោះស្រាយបញ្ហាប្រមូលយកពង និងកូនសត្វស្លាបទឹកទៅលក់ដែល បញ្ហានេះគំរាមកំហែងដល់សត្វស្លាបទឹកមានមាឌធំៗកាលពីដើមឆ្នាំ២០០០កន្លងមក គម្រោងការពារសំបុកសត្វស្លាបត្រូវបានបង្កើតឡើងដើម្បីការពារ​សំបុកពងកូនសត្វស្លាបសំខាន់ៗ ដោយផ្តល់ប្រាក់កម្រៃលើកទឹកចិត្តជូន សមាជិកសហគមន៍ ដែលចូលរួមក្នុងសកម្មភាពនេះ។ តាមរយៈគម្រោង ការពារសំបុកសត្វស្លាបនេះ ប្រជាសហគមន៍រស់នៅក្នុងដែនជម្រក សត្វព្រៃគូលែន ព្រហ្មទេព និងឆែប ទទួលបានប្រាក់កម្រៃលើកទឹកចិត្ត ប្រសិនបើពួកគាត់ទទួលបានជោគជ័យក្នុងការងារត្រួតពិនិត្យ ការពារ និងយាមសំបុកសត្វស្លាបសំខាន់ៗ រហូតដល់ពេលកូនញាស់។

លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេពនៃក្រសួងបរិស្ថាន និងអង្គការ WCS បាននិយាយថា៖ “ការថែរក្សាសំបុកពងកូន បានកាត់បន្ថយការគំរាមកំហែងពីការប្រមូល យកពងកូន ការរំខាន និងការកាប់ព្រៃឈើជាដើម។ ជោគជ័យនៃ គម្រោងនេះ ផ្សារភ្ជាប់ទៅនឹងការងារសិក្សាស្រាវជ្រាវរបស់ពួកយើងទៅ លើអេកូឡូស៊ីនៃប្រភេទសត្វព្រៃសំខាន់ៗទាំងអស់នេះ និងដោយសារ កិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយប្រជាជនសហគមន៍។ នៅពេលប្រជា សហគមន៍មានឱកាសទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមពីការងារអភិរក្សសត្វព្រៃ ពួកគាត់នឹងមានទឹកចិត្តក្នុង ការចូលរួមថែរក្សា និងការពារសត្វព្រៃទាំងអស់នោះ។

សត្វស្លាបសំខាន់ៗដែលទទួលបានការការពារសំបុកទាំងអស់នោះរួមមានត្រយ៉ងយក្សដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ត្រយ៉ងចង្កំកស ត្មាតផេះ ត្មាតភ្លើង ត្រដក់តូច និងត្រដក់ធំ ស្មោញ អង្កត់ខ្មៅ ក្រៀល ទាព្រៃស្លាបស និងពពូលទឹក។

តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលរួមបញ្ចូលដែនជម្រក សត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែបផងដែរនោះ គាំទ្រដល់ការរស់នៅរបស់ សត្វស្លាបជិត៣០០ប្រភេទ។ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ការគំរាមកំហែងចម្បងចំពោះសត្វស្លាបប្រភេទរងគ្រោះទាំងអស់នោះនៅតំបន់ខ្ពង់រាបភាគខាងជើង បានប្តូរពីការប្រមូលយកពងកូន ទៅជាការបាត់បង់ទីជម្រកវិញ។ មូលហេតុនៃការបាត់បង់ទីជម្រកនេះ គឺបណ្តាលមកពីការកាប់ឆ្កាព្រៃឈើ សម្ពាធពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាប់ប្រភេទឈើប្រណិតដែលជាប្រភេទដើមឈើសត្វស្លាបទឹកមាឌធំចូលចិត្តធ្វើសំបុកពងកូន។

លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បាននិយាយថា៖ “ជោគជ័យនៃគម្រោងការពារសំបុកសត្វស្លាប គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ អនុវត្តសកម្មភាពអភិរក្សនៅតំបន់ខ្ពង់រាបភាគខាងជើងនេះ។ ការងារនេះកើតចេញពីកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល សមាជិកសហគមន៍ និងអង្គការដៃគូអភិវឌ្ឍន៍ដើម្បីបង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ រៀបចំបង្កើតកំណត់តំបន់គ្រប់គ្រង និងប្រើប្រាស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន សហគមន៍ផងដែរ។ ការងារនេះ នឹងមិនអាចសម្រេចទៅបានទេ ប្រសិនបើពុំមានការគាំទ្រផ្នែកថវិកាពីមជ្ឈមណ្ឌល សំ វាសនា, សហភាពអឺរ៉ុប, Agence Française de Développement និង Margaret A. Cargill Philanthropies។”