គម្រោង​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ១ ពិសេស​ខុសប្លែក​ពី​គម្រោង​ដទៃ

0
1304

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែងក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ១ នា​ព្រឹក​នេះ​ថា គម្រោង​សាងសង់​កំណាត់​ផ្លូវ​នេះ គឺ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​គម្រោង​ដទៃ ចំនួន​២​យ៉ាង​ធំៗ។

ទី១. គ្រឹះ​ផ្លូវមាន​កម្រាស់​រហូត​ដល់ ៦៥​សង់ទីម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ២០​សង់ទីម៉ែត្រ ដែល​ធ្វើឲ្យ​កំណាត់​ផ្លូវនេះ មាន​កម្រាស់​បេតុង​កៅស៊ូ​ក្រាស់​ជាងគេ​នៅ​កម្ពុជា។

ទី២. កំណាត់​ផ្លូវ​នេះ មាន​ប្រវែង​សរុប ៤​គីឡូម៉ែត្រ មាន​ទទឹង​ចាប់ពី ២៥ម៉ែត្រ​រហូតដល់ ៣៩ម៉ែត្រ ក្នុង​នោះ មាន ៤​គន្លង​សម្រាប់​រថយន្ត (២​ទៅ​ ២​មក​) ២​គន្លង សម្រាប់​ម៉ូតូ (១​ទៅ​ ១​មក​) និង​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ចាប់ពី ១​ម៉ែត្រ រហូតដល់ ៨,៥​ម៉ែត្រ​ ដែល​មាន​បង្កប់​​លូ​មូល​នៅ​ខាងក្រោម​ផងដែរ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិច​ផ្លូវ ជាពិសេស​នា​រដូវវស្សា​។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា កំណាត់ផ្លូវ​ជាតិ​លេខ១ ដំណាក់​កាលទី៤​នេះ គឺ​ជា​ដំណាក់​កាល​ចុងក្រោយ​នៃ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ១ ពី​ភ្នំពេញ-អ្នកលឿង ដែលមាន​ប្រវែង​សរុប​ជិត ៥៦​គីឡូម៉ែត្រ។

ផ្លូវ​ជាតិ​លេខ១ គឺ​ជា​ផ្នែក១​នៃផ្លូវ​អាស៊ាន​ហាយវ៉េ AH1 រត់កាត់​តំបន់​ទំនាបនៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) បាងកក-ភ្នំពេញ-វង់តាវ ដែល​នឹងផ្តល់​សារៈ​សំខាន់​យ៉ាង​ខ្លាំង ក្នុងការ​បម្រើ​ឲ្យ​កិច្ចសហ​ប្រតិបត្តិការ​ ការ​ប្រកួត​ប្រជែង ការ​រួមគ្នា​រស់នៅ​ជា​សហគមន៍ ការ​តភ្ជាប់ ការ​ធ្វើ​សមាហរណកម្ម​តំបន់ និង​សកល​ភាវូប​នីយកម្ម ពិសេស​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ការ​ផ្គត់ផ្គង់​ភស្តុភារ លំហូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាតិ-អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​នានា​របស់​កម្ពុជា៕