ក្រសួងពាណិជ្ជកម្ម (MOC) រំពឹងថា ពាណិជ្ជកម្មមីយ៉ាន់ម៉ានឹងអាចរកចំណូលបាន ១៣,៧ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែ គឺចាប់ពីខែមេសា ដល់ខែកញ្ញា តាមការបញ្ជាក់របស់លោក U Khin Maung Lwin ដែលជាលេខាធិការក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា។
ការនាំចេញត្រូវបានគេរំពឹងទុកថា នឹងមានតម្លៃសរុប ៦,៧ពាន់លានដុល្លារអាមេរិកខណៈដែលការនាំចូលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេលនេះ ខណៈពេលដែលការនាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិបានធ្លាក់ចុះ។
ចំណែកឯ តម្រូវការសម្រាប់ពោតមីយ៉ាន់ម៉ាហាក់ដូចជាកំពុងកើនឡើង ក្នុងនោះផងដែរមីយ៉ាន់ម៉ាក៏បាននាំចេញនូវផ្លែឈើជាច្រើន ហើយបូករួមទាំងការនាំចេញស្រូវ និងកៅស៊ូជាប្រចាំថែមទៀតផង។
ប្រទេសមីយ៉ាន់ម៉ាបាននាំចេញអង្ករប្រហែល ៨៥,០០០ តោន និងពោត ៣០,០០០ តោនក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៃខែមេសា ស្របពេលជាមួយគ្នាកសិករដាំផ្លែស្វាយក៏បានបញ្ជាក់ផងដែរថា ដំណាំស្វាយ និងផ្លែឈឺផ្សេងទៀតមិនបានប្រើប្រាស់សារធាតុគីមីនោះទេ ហេតុនេះហើយទើបគេរំពឹងថាបរិមាណនៃការនាំចេញនឹងមានកំណើនខ្ពស់ជាងមុន។
យោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា៖ ទំហំពាណិជ្ជកម្មសម្រាប់រយៈពេលពីរសប្តាហ៍ដំបូងនៃខែមេសាបានកើនឡើងដល់ ១,០៧ពាន់លានដុល្លារ ដោយការនាំចូលមានចំនួនសរុប ៦៧០ លានដុល្លារអាមេរិកលើសពីការនាំចេញចំនួន ៤០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបថា GDP របស់មីយ៉ាន់ម៉ា នឹងកើនឡើងប្រមាណ ៥.៤ភាគរយនៅឆ្នាំ ២០១៨ និង២០១៩ នេះបើយោងតាមការវាយតម្លៃពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕