មណ្ឌលគិរី៖ សត្វព្រៃចិញ្ចឹមមួយកន្លែងលើផ្ទៃដីជាង១០ហិកតា ត្រូវបានបង្កើតឡើងនិងទាក់ទាញចំណាក់អារម្មណ៍យ៉ាងក្តុកក្តួលលើកដំបូងលើទឹកដីឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរីកំពុងទាញយកភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត និងថតរូបលេងជាមួយសត្វកម្រមានទាំងនោះ ។
ហើយបើតាមការឲ្យដឹងពីលោក ហេង តូច អាយុ៤៣ឆ្នាំ អ្នកមើលថែសួនសត្វព្រៃថា សួនសត្វនេះបានបង្កើតឡើងជិត២ឆ្នាំមកហើយ ដោយបានចិញ្ចឹមសត្វព្រៃចំនួន៥ប្រភេទ លើទំហំផ្ទៃដី១០ហិចតា និងមានអ្នកមើលថែចំនួន៤នាក់ ។
លោក ហេង តូច បន្តថា សួនសត្វនេះបង្កើតឡើង ដោយស្ថិតក្រោមការគ្រប់គ្រងរបស់មូលនិធិ មយូរ៉ា ការពារសត្វព្រៃ ដើម្បីចូលរួមអភិរក្ស នឹងការពារពូជសត្វព្រៃ ដែលកំពុងរងការគម្រាមគំហែងរាល់ថ្ងៃ ពីការបាញ់សម្លាប់ ឬកត្តានានា អាចឈានដល់កម្រិតសូន្យការវិនាសផុតពូជ ។
ហើយការចិញ្ចឹមនេះក្នុងគោលបំណងចង់អភិរក្សដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេស គឺក្មេងៗជំនាន់ក្រោយ បានស្គាល់សត្វព្រៃដែលមានវត្តមាននៅប្រទេសកម្ពុជា ។
សួនសត្វព្រៃចិញ្ចឹមខាងលើមានប្រភេទសត្វខុសៗគ្នាដូចជា ១- ព្រើស មានចំនួន៥ក្បាល ២- ព្រើសផ្កាយ ចំនួន៣០ក្បាល ៣- ក្តាន់ ចំនួន៨ក្បាល ៤- ឈ្លូល ចំនួន៣ក្បាល ៥- ជ្រូកព្រៃចំនួន១០០ក្បាល ផងដែរ៕