ភ្ញៀវអន្តរជាតិជាង ៣លាននាក់មកទស្សនាកម្ពុជា ខណៈទេសចរកម្ពុជាជិត១លាននាក់ទៅលេងក្រៅប្រទេស

0
664

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញរបាយការណ៍ស្ដីពីស្ថិតិភ្ញៀវទេសចរឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ (កើនឡើង ១២.៧%) បានចូលមកទស្សនាកម្ពុជា ខណៈភ្ញៀវទេសចរជាតិជិត ១លាននាក់ (កើនឡើង ១៤.៥%) ក៏បានចេញទៅក្រៅប្រទេសផងដែរ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងឆមាសទី១ ដើមឆ្នាំ ២០១៨ មានចំនួន ៣,០០១,៦៦០នាក់ កើនឡើង ១២.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះរួមមាន៖

១៖ ចូលតាមអាកាសមានចំនួន ២,០០៤,១២៣នាក់ ក្នុងនោះច្រកភ្នំពេញ ៩២៧,៥៤២នាក់, ច្រកសៀមរាប ១,០០៦,៥០៤នាក់ និងច្រកកងកេង ៧០,០៧៧នាក់។
២៖ ចូលតាមផ្លូវគោកមានចំនួន ៩១៨,៦០៩នាក់។
៣៖ ចូលតាមផ្លូវទឹកមានចំនួន ៧៨,៩២៨នាក់។

ចំណែកឯទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០មកកម្ពុជា (ឆមាសទី១ ឆ្នាំ២០១៨ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៧) រួមមាន៖
* ចិន ៩៣១,៧៦៣នាក់ កើនឡើង ៧៥.៨%
* ឡាវ ២០០,៣៤៦នាក់ ថយចុះ ១០.៧%
* អាមេរិក ១៣៣,៦៦៤នាក់ កើនឡើង ១.២%
* ជប៉ុន ៩៧,៦៩៨នាក់ ថយចុះ ០.៦%
* បារាំង ៨៥,៩០៦នាក់ កើនឡើង ៣%
* ម៉ាឡេស៊ី ៨៥,៨៥៤នាក់ កើនឡើង ៩.៤%
* អង់គ្លេស ៨៤,៨៤៤នាក់ ថយចុះ ៥%។

អំពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា (ឆមាសទី១ ដើមឆ្នាំ២០១៨)៖
* មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ២,៣៥១,០០៤នាក់ កើនឡើង ១៨.២% ក្នុងនោះមកពីតំបន់អាស៊ាន ៩៤៨,៧៥៤នាក់ ថយចុះ ៣.៥%។
* មកពីតំបន់អឺរ៉ុប ៤៣៨,៧៤៤នាក់ ថយចុះ ២.៩%។
* មកពីតំបន់អាមេរិក ២០១,៩០៤នាក់ ថយចុះ ៥.២%។

អំពីចំនួនទេសចរអន្តរជាតិផ្ទៃក្នុង (Internal Tourist) ទៅទស្សនាតំបន់អាទិភាព (ឆមាសទី១ ដើមឆ្នាំ២០១៨)៖
* តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន ១,៦៤៤,៦៨៩នាក់ កើនឡើង ១៥.១%។
* សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិចំនួន ១,៣៥៦,៩៦១នាក់ កើនឡើង ១០%។
* តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិចំនួន ៥៣២,៤៧២នាក់ កើនឡើង ៣៦.៦%។
* តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិចំនួន ៤២,៩៩៤នាក់ កើនឡើង ៩.២%។
* តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្តរជាតិចំនួន ៣១,៣៦៩នាក់ ថយចុះ ១.៥%។

ក្រសួងបានបន្តថា ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ដូចគ្នា កម្ពុជាក៏ទទួលបានទេសចរជាតិចំនួន ៧១,៩៥៧នាក់ផងដែរ ក្នុងកំណើន ៤១.៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ ជាមួយគ្នានោះ ទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ៩៦៤,២៧៦នាក់ កើនឡើង ១៤.៥%៕