អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​២​ពាន់​នាក់​មកពី​២៨​ប្រទេសប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៧​នៅ​ខេត្ត​ព្រះសីហនុ​

0
595

​ខេត្ត​ព្រះ​សី​ហនុ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​នេះ អត្ត​ព​លិ​កជាង​២​ពាន់​នាក់​មកពី​២៨​ប្រទេស បានមក​ជួបជុំគ្នា​នៅ​ឆ្នេរ​អូ​ឈើទាល​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៧​នៅទីនេះ​។ អត្ត​ព​លិ​ក​ទាំងនេះ ប្រកួតប្រជែង​លើ​៣​វិញ្ញាសា គឺ​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។​
​បើ​យោងតាម​លោក សែម ផល្លា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន ចំនួន​អត្ត​ព​លិ​ក​ចូលរួម​ឆ្នាំនេះ​មានការ​កើនឡើង​តិចតួច​បំផុត​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ប្រមាណ​ជាង​២​ពាន់​នាក់​តិចតួច​។ ការកើនឡើង​តិចតួច​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំនេះ ត្រូវបាន​អ្នកគ្រប់គ្រង​ទូទៅ​ខាងលើ​មើលឃើញថា ដោយសារ​ខេត្ត​ព្រះសីហនុ​មិនសូវ​សម្បូរ​ជើងហោះហើរ​ត្រង់​ពី​បរទេស​។ ហើយ​ការ​តម្លើង​ថ្លៃឈ្នួល​សណ្ឋាគា​រ ផ្ទះសំណាក់ និង​ម្ហូបអាហារ​របស់​វិស័យ​ឯកជន ក៏​ជាកត្តា​រួមចំណែក​ផងដែរ​។​

ទន្ទឹមនឹងនេះ លោក សែម ផល្លា អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​នៃ​វិស័យ​ឯកជន​ក្នុង​ខេត្ត​នេះ​ចូលរួម​សហការ​តាមរយៈ​ការផ្តល់​តម្លៃ​សេវាកម្ម​សមរម្យ​ជូន​អតិថិជន​ក្នុង​ថ្ងៃនោះ​។ ការអំពាវនាវ​នេះ បន្ទាប់ពី​មាន​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​មួយចំនួន​នៅតែ​ឆ្លៀ​ង​ឱកាស​យក​ថ្ងៃនោះ​តម្លើងថ្លៃ​សេវាកម្ម​របស់ខ្លួន​ស្ទើរ​១​ទ្វេ​ជា​ពីរ​។
​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នេះ​រៀបចំឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​។ លើសពីនេះ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​លំហែ​ទាំ​ឆ្នេរ និង​បរិស្ថាន​ជុំវិញ​តំបន់​ទេសចរណ៍​ឆ្នេរ​ដ៏​ស្រស់ស្អាត​របស់​ខេត្ត​ព្រះសីហនុ​មួយ​នេះ​។ មួយវិញទៀត ដើម្បី​ប្រមូល​មូល​ធិ​និ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​នានា​៕  ប្រភព : thmeythmey