ខេត្តមណ្ឌលគិរីនឹងក្លាយទៅជាតំបន់ទេសចរណ៍សមាហរណពិសេស

0
1027

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យទៅជាតំបន់ទេសចរណ៍សមាហរណពិសេស។ កិច្ចប្រជុំនេះ ធ្វើ ឡើង​កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំក៏បានរៀបចំផែនការមេ និងផែនការសកម្មភាពជំរុញអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍ធម្មជាតិ រួមជាមួយនឹង វិធានការចាំបាច់ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ការជំរុញលើកទឹកចិត្តដល់គោលនយោបាយទេសចរណ៍ផ្ទះទី២ សម្រាប់ទេសចរវ័យ​ចំណាស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ច​ជាតិឱ្យកាន់ តែរឹងមាំនិងនិរន្តរភាព និងដោយផលិតផលទេសចរណ៍កម្ពុជានៅមានកម្រិត បើធៀបនឹង ប្រទេសជិតខាងក្នុងតំបន់ កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់ សំដៅលើក កម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេទេសចរណ៍បែបវប្បធម៌ និងធម្ម​ជាតិ ដែលជាផលិតផលឈានមុខរបស់កម្ពុជា។ ក្រសួងទេសចរណ៍ បានរៀបចំវិធានការក្នុង ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍, ការលើក​កម្ពស់សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត (Smart Tourism) ជាដើម។ ឯកឧត្តមបានបន្ដថា ការលើកកម្ពស់សេវាមួយស្តង់ដារមួយ គឺជាបទ​ដ្ឋាន​នៃសេវាទេសចរណ៍ឱ្យស្របតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិក​ម្នាក់ជំនាញមួយ ជាការគិតគូរថ្មីសំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ​ទេសចរណ៍នៅកម្ពុជា តាមរយៈការង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍។

 

ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត សំដៅដល់ធ្វើឌីជីថល​រូប​នីយកម្ម (Digitalization) ក្នុងដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងឧស្សាហកម្មម្ហូប-អាហារ ជាដើម។ ឯកឧត្តមបានបន្ដ​ទៀតថា វិធាន​ការខាងលើ​ត្រូវគាំទ្រដោយអភិក្រម ៤ ដែលជាគោលការណ៍គ្រឹះ​នៃផែនការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ រួមមាន ការពង្រឹងយន្តការស្ថាប័ន, ការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍។ ជាមួយគ្នានេះ អង្គប្រជុំក៏បានគាំទ្រចំពោះវិធានការដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងបាន​ស្នើ​ឱ្យគ្រប់ក្រសួង-ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួម និងគាំទ្រ នៅគ្រប់យន្តការទាំងអស់ រួមទាំង យន្តការគណៈកម្មាធិការ និងក្រុមការងារដែលមានជាធរមាន ដើម្បីសម្រួលដល់ការ​ប្រតិបត្តិអភិវឌ្ឍន៍វិស័យទេសចរណ៍មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស័ក្តិសិទ្ធភាព។

យោងតាមស្មារតីនៃអនុក្រឹត្យលេខ ៤០ អនក្រ.បក ស្តីពីតំបន់ទេសចរណ៍ពិសិដ្ឋ ចុះថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៩ កន្លងមក អង្គប្រជុំគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ពិសិដ្ឋ និងបានលើកទឹកចិត្តឱ្យមានការសិក្សាស៊ីជម្រៅមុននឹងឈានដល់ការអនុវត្តគម្រោងពាក់ព័ន្ធនានា ដោយមានការគិតគូរបង្កើតជាយន្តការ និងនីតិវិធីជាកញ្ចប់ សំដៅសម្រួល និងបង្កើន​ប្រសិទ្ធភាពនៃដំណើរការអនុវត្តគម្រោងតំបន់ទេសចរណ៍ពិសិដ្ឋ ជាពិសេស គម្រោងទេស​ចរណ៍​ផ្ទះទី២ សម្រាប់ទេសចរវ័យចំណាស់។ ទន្ទឹមនេះ ការអនុវត្ត គួរចាប់ផ្តើមពីកម្រិត​សាក​ល្បងមុននឹងឈានដល់ទ្រង់ទ្រាយធំ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានជំរុញដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តចូលរួមចំណែកផ្តល់កិច្ចសហការ និងការគាំទ្រក្នុងគ្រប់ទិដ្ឋភាព រាប់ទាំង​ហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ពិសិដ្ឋ ទទួលបានជោគជ័យ។ ចំពោះការផ្តួចផ្តើមក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងខេត្ត អាទិភាព នានា អង្គប្រជុំបានពិភាក្សា និងឯកភាពជាគោលការណ៍ថា ត្រូវមានការរៀបចំផែន​ការមេ​អភិវឌ្ឍន៍ និងផែនការវិនិយោគឱ្យបានគ្រប់ជ្រុងជ្រោយ។ ផែនការមេ នឹងរួមចំណែកបង្កើន​ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពអាជីវកម្មគាំទ្រ ជាពិសេស សហគ្រាស ធុនតូច និងមធ្យម ។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា, គណៈ​កម្មាការ អភិឌ្ឍន៍វិស័យទេសចរណ៍ និងក្រុមការងារពាក់ព័ន្ធផ្សេងទៀត នឹងបន្តជ្រោមជ្រែង ជំរុញ និងគាំទ្រលើវិធានការ និងផែនការនៃការអភិវឌ្ឍវិស័យទេសចរណ៍​កម្ពុជាឱ្យអស់ពី​សក្តានុពល ក្នុងគោលដៅរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងវិស័យទេសចរណ៍​កម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន