​មណ្ឌល​គិរីនឹង​ត្រូវ​អភិវឌ្ឍន៍ទៅជា​តំបន់​ទេសចរណ៍​ផ្ទះទី២សម្រាប់ទេសចរវ័យចំណាស់

0
1113

មណ្ឌលគិរីៈ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​អភិវឌ្ឍន៍​ខេត្ត​នៅ​ភូមិភាគ​ឦសាន​ឱ្យ​ក្លាយជា​កន្លែង​ទេសចរណ៍​ផ្ទះ​ទី២ សម្រាប់ ទេសចរ​វ័យ​ចំណាស់ ដើម្បី​ជា​ផ្នែក​មួយ​ថ្មីនៃ​ការ​ស្រូប​យក​សក្កដានុពល​ទេស​ចរណ៍​មក​កម្ពុជា​។ នេះ​បើតាម​ការ​លើកឡើង​របស់​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី​។

អ្នកជំនាញ​ទេសចរណ៍​លើកឡើងថា គម្រោង​នេះ​គឺជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី​ឱ្យទៅជា​តំបន់​ទេសចរណ៍​សមា​ហរ​ណ​ពិសេស​​ជំរុញ​លើកទឹកចិត្ត​ដល់​គោលនយោបាយ​ទេសចរណ៍​ផ្ទះ​ទី២ សម្រាប់​ទេសចរ​វ័យ​ចំណាស់។

ឯកឧត្តម មានប្រសាសន៍ថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​គឺជា​ចន្ទល់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​និរន្តរភាព និង​ម្យ៉ាងទៀត​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅមានកម្រិត បើ​ធៀប​នឹង ប្រទេសជិតខាង​ក្នុង​តំបន់ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជា​ចាំបាច់ សំដៅ​លើក កម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ជា​ពិ​សេ​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ ដែលជា​ផលិតផល​ឈានមុខ​របស់​កម្ពុជា។

លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​រសៀល​ថ្ងៃទី ២៣ខែមេសា ឆ្នាំ២០១៩ នេះ​ថា ការអភិវឌ្ឍ​ខេត្តមណ្ឌលគិរី​ឱ្យទៅជា​តំបន់​ទេសចរណ៍​សមា​ហរ​ណ​ពិសេស​នេះ​គឺ​រាជរដ្ឋាភិបាល​ចង់​បង្កើត​កញ្ចប់​ទេសចរណ៍ ជាមួយ​ប្រទេស​អាស៊ាន​សម្រួល​ដល់​អ្នក​ទេសចរ​ដែល​មកលេង​ប្រទេសជិតខាង ហើយ​ហួស​មកដល់​កម្ពុជា​តែម្តង។

លោកជំទាវ​បាន​បន្ដថា ចំពោះ​ការអភិវឌ្ឍ​កន្លែង​ទេសចរណ៍​ផ្ទះ​ទី២វិញ​ជាការ​បង្កើត​ផលិតផល​ទេសចរណ៍​ប្រភេទ​ថ្មី​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេស ចរ​បរទេស​មក​ស្នាក់នៅ​យូរថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏បាន​រៀបចំ​វិធានការ​ក្នុងការ​លើកស្ទួយ​វិស័យ ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍, ការលើកកម្ពស់​សេវា​មួយ ស្តង់ដារ​មួយ បុគ្គលិក​ម្នាក់​ជំនាញ​មួយ និង​ទេសចរណ៍​វៃឆ្លាត (Smart Tourism) ជាដើម។

ទន្ទឹមនេះ ការលើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឱ្យស្រប​តាម​ស្តង់ដារ​អាស៊ាន ស្រប​ពេលដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ ជាការ​គិតគូរ ថ្មី​សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាមរយៈ ការ​ង្កើ​ន​ចំនួន និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍។

លើសពីនេះ​ទៀត ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត សំដៅ​ដល់​ធ្វើ​ឌីជីថល​រូបនីយកម្ម (Digitalization) ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និង​ឧស្សាហកម្ម​ម្ហូប-អាហារ ជាដើម៕