ក្រសួងបរិស្ថាន​ គ្រោងអោយក្រុមហ៊ុនផលិតឥដ្ឋការ៉ូ​​​មួយ​ ផលិតឥដ្ឋដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសង្គម

0
857

នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨​ នៅទីស្តីការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ របស់ក្រុមហ៊ុន YUAN JIA CN CERAMIC CO., LTD. លើផ្ទៃដីទំហំ ៧,៨ហិកតា មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិអូរត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

ដឹកនាំដោយ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ កិច្ចប្រជុំនេះក៏មានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនវិនិយោគ ជាច្រើន។

បន្ទាប់ពីមានបទ ង្ហាញនិងកិច្ចពិភាក្សារួចមកក្រុមការងារអន្តរក្រសួង បានគាំទ្រ និងឯកភាពចំពោះគម្រោងមួយនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនម្ចាស់គម្រោងត្រូវបំពាក់ឧបករណ៍កាត់បន្ថយលម្អងធូលីឱ្យមានប្រសិទ្ធិភាព កុំឱ្យហុយលើប្រជាពលរដ្ឋនៅក្បែររោងចក្រនិងត្រូវរៀបចំបង្គន់អនាម័យតាមស្តង់ដារ។

អង្គប្រជុំនៅពេលនេះបានណែនាំឱ្យម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់បំពាក់ឧបករណ៍ការពារសុវត្ថិភាព និងណែនាំឱ្យប្រើប្រាស់ពេលបំពេញការងារក្នុងសង្វាក់ផលិតកម្ម និងជាពិសេសត្រូវរៀបចំអាងប្រព្រឹត្តិកម្ម និងអាងស្ដុកសំណល់រាវ ដើម្បីការពារសំណល់រាវកុំឱ្យហៀកាកសំណល់ប៉ះពាល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវ ដាំដើមឈើក្នុងតំបន់រោងចក្រឱ្យបាន ៣០ភាគរយ នៃផ្ទៃដីសរុបរបស់គម្រោង និងត្រូវគ្រប់គ្រងប្រព័ន្ធផ្សែងចេញពីឡ ដោយប្រើប្រាស់ឧបករណ៍បន្សុទ្ធលម្អងផេះ តាមបច្ចេកទេសត្រឹមត្រូវ។

អន្តរក្រសួងបានតម្រូវឱ្យក្រុមហ៊ុនម្ចាស់គម្រោងត្រូវអប់រំបុគ្គលិក នូវបច្ចេកទេស និងការគ្រប់គ្រងសំណល់រឹង រាវ ជាពិសេស ថង់ប្លាស្ទិក និងត្រូវពិនិត្យប្រព័ន្ធពន្លត់អគ្គិភ័យ និងសុវត្ថិភាព ក្នុងទីតាំងគម្រោង ឱ្យបានល្អផងដែរ៕