ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នក្រោយមានករណីពុលត្រីក្រពត នៅខេត្តព្រះសីហនុ និងកោះកុង

0
981

ភ្នំពេញៈ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៧ ខែ តុលានេះ បានក្រើនរំលឹកជាថ្មី ចំពោះការបរិភោគត្រីក្រពត ក្រោយមានករណីពុលចំនួន១១នាក់ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានស្លាប់ ២នាក់។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ឱ្យដឹងថា កន្លងមក ក្រសួងសុខាភិបាល តែងតែធ្វើការណែនាំ និងរំលឹកចំពោះវិធានការការពារករណីពុលចំណីអាហារ ដែលមានទាំងការពុល បណ្តាលមកពីការបរិភោគត្រីក្រពតនេះផងដែរ។ ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពត ដូចករណីខាងលើ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល។

ក្រសួងបន្តថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិនកម្តៅខ្ពស់យ៉ាងណា ឬដាក់ក្នុងកម្រិតកក យ៉ាងណាក៏ដោយ។ នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទ មានជាតិពុល ដូចមានរូបភ្ជាប់មកខាងក្រោមនេះ។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមានសក្តានុពលខ្ពស់ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុល បានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។

ចំពោះជាតិពុលនៅក្នុងខ្លួនត្រី មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺ ថ្លើម ពោះវៀន ស្បែក និងសាច់។ រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០ នាទី ទៅ ២ ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ។ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។

ក្រសួងបានណែនាំថា នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។ ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) គឺអាចជួយបញ្ចេញជាតិពុល ពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះ ត្រូវប្រញាប់ប្រញាល់ស្វែងរកការជួយសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលបរិភាគត្រីក្រពត ហើយកើតមានរោគសញ្ញាដូចរៀបរាប់ខាងលើ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់។ ចំពោះព័ត៌មានបន្ថែមជុំវិញករណីនេះ ក្រសួងក៏បានបង្ហាញលេខទូរសព្ទទាន់ហេតុការណ៍ទៅឱ្យសាធារណជន សម្រាប់ទាក់ទងទៅក្រសួងផងដែរ គឺលេខ ១១៥៕