រដ្ឋមន្ដ្រីកសិកម្ម ជំរុញឲ្យរោងចក្រកែច្នៃដំឡូងមី នៅស្រុកស្នួល ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចផែនការ

0
598

ក្រចេះ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានតាមការគ្រោងទុក ក្នុងការបើកឲ្យដំណើរការ នៃការកែច្នៃដំឡូងមី ឲ្យបានទាន់ពេលវេលា នៃរដូវប្រមូលផលដំឡូងមី។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាព នៃការសាងសង់រោងចក្រកែច្នៃដំឡូងមី របស់ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមានទីស្នាក់ការធំ នៅទីក្រុងហុងកុង ហើយបានកំពុងសាងសង់លើផ្ទៃដីជាង២០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ។

បន្ទាប់ពីបានអញ្ជើញទស្សនាការដ្ឋានរួចមក លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន និងលោកបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេច បានតាមការគ្រោងទុក ក្នុងការបើកឲ្យដំណើរការនៃការកែច្នៃដំឡូងមី ឲ្យបានទាន់ពេលវេលានៃរដូវប្រមូលផលដំឡូងមី។

លោកបានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលសម្រេចបាន តាមរយៈក្រសួងកសិកម្ម ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជន ក្នុងការកែច្នៃវត្ថុធាតុដើម ទៅជាផលិតផល សម្រេចសម្រាប់ធ្វើការនាំចេញ ហើយនេះ គឺជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ស្វែងរកទីផ្សារដំឡូងមី ជូនប្រជាកសិករ ដោយអនុវត្តកសិកម្មតាមកិច្ចសន្យា។

សូមបញ្ជាក់ថា រោងចក្រនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។

បច្ចុប្បន្នការសាងសង់សម្រេច បានប្រមាណជា ៧៥% ហើយគ្រោងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១។

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Green Leader Holding Group Limited ដែលបានចុះបញ្ជីសាធារណៈ ក្នុងក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង ដោយបានដាក់ទុនវិនិយោគជាង២០ដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រកែច្នៃដំឡូងមី ដែលមានសក្តានុពលកែច្នៃជាម្សៅ បានចំនួន១៣០ពាន់តោនក្នុង១ឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមី ចំនួន៥០០ពាន់តោន ហើយក្នុងអំឡុងពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនគម្រោង សាងសង់រោងចក្រឲ្យបាន២០ទូទាំងប្រទេស ហើយនេះគឺជាសមិទ្ធផលទី១៕