រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី៣ និងសហគមន៍​ទេសចរណ៍​គំរូ​លើក​ទី២

0
600

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​ក្រសួងទេសចរណ៍ បានប្រកាស​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​ផ្នែក​សាធារណៈ ឯកជន ប្រជាពលរដ្ឋ-ភ្ញៀវទេសចរ និង​ដៃគូ​អភិវឌ្ឍន៍ សូម​ចូលរួម​ក្នុង​ចលនា​ប្រលងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី៣ និង​ការប្រលងប្រណាំង​សហគមន៍​ទេសចរណ៍​គំរូ​លើក​ទី២ ឆ្នាំ២០១៩ ដែល​ទើបតែ​ប្រកាស​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​តទៅ។

នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ចលនា​ទាំងពីរ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ពោលគឺ​ធ្វើឡើង​បន្ទាប់ពី​សិក្ខាសាលា​បូកសរុប «ការប្រលងប្រណាំង​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី២» និង «ការប្រលងប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី១»។

ដើម្បី​ជំរុញ​ការអនុវត្ត​ចលនា​ទាំងពីរ​នេះ ឱ្យមាន​ប្រសិទ្ធភាព លោក​រដ្ឋមន្ត្រី​បាន​អនុសាសន៍​មួយចំនួន​ដូចខាងក្រោម៖

ទី១. ការវិនិយោគ៖ ត្រូវ​បន្ត​ខិតខំ​ជំរុញ​ការអភិវឌ្ឍ និង​វិនិយោគ​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​គ្រប់​ប្រភេទ ដែលមាន​ការគិតគូរ​បរិស្ថាន ភាព​ស្អាត និង​សង្គម។ ក្នុងន័យនេះ នាយកដ្ឋាន​ជំនាញ នៃ​ក្រសួងទេសចរណ៍​ត្រូវ​រៀបចំ​គោលការណ៍​ណែនាំ និង​លក្ខណៈវិនិច្ឆ័យ​នូវ​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍ ដែល​ត្រូវមាន​ការគិតគូរ​ពី​បរិស្ថាន​វប្បធម៌ និង​ការ​គាំពារ​សង្គម ដើម្បី​ជា​ឯកសារ​គោល​សម្រាប់​វាយតម្លៃ​លើ​គម្រោង​ទាំងនោះ។

ទី២. ការគ្រប់គ្រង៖ មន្ទី​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវខិតខំ​ជំរុញ​ឱ្យ​គ្រប់​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ត្រូវមាន​អ្នកគ្រប់គ្រង​ច្បាស់លាស់ និង​មាន​ការចាត់​តាំងនូវរ​ច​នា​សម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់​ផងដែរ និង​ត្រូវ​ជំរុញ​ឱ្យ​គ្រប់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ទាំងអស់​មាន​ផែនការមេ អភិវឌ្ឍ​ច្បាស់លាស់។ ត្រូវ​បន្ត​ប្រឹងប្រែង​រៀបចំ​គ្រប់គ្រង​ធ្វើការ​អភិវឌ្ឍ​រមណីយ​ដ្ឋា​ន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​នានា​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ល្អ។

ទី៣. បរិស្ថាន​អនាម័យ៖ ត្រូវខិតខំ​រក្សា​ឱ្យបាន​នូវ​ភាព​ស្អាត និង​បៃតង ជាពិសេស​បញ្ឈប់​ការបោះ​សំរាម​ចោល​ក្រោម​តុ​នៅតាម​ភោជនីយដ្ឋាន​នានា ក្រោម​យុទ្ធនាការ​រមណីយដ្ឋាន​ខ្ញុំ សហគមន៍​ខ្ញុំ គ្មានទេ​សំរាម​ក្រៅ​ធុង។ ក្នុងន័យនេះ ការគ្រប់គ្រង​រមណីយ​ដ្ឋា​ន និង​សហគមន៍​ទាំងអស់ ត្រូវតែ​សរសេរ​ពាក្យ​អប់រំ​មិនឱ្យ​បោះ​សំរាម​ចោល​ផ្តេសផ្តាស​ខុស​ធុងសំរាម និង​អប់រំ​ភ្ញៀវទេសចរ ដែល​ចូល​ទៅលេង​កម្សាន្ត​ឱ្យបាន​ច្បាស់លាស់​ជាមុន និង​ត្រូវ​បំពាក់​ធុងសំរាម​ឱ្យបាន​គ្រប់គ្រាន់ និង​ធ្វើការ​បែងចែក​សំរាម​ទៅតាម​ប្រភេទនីមួយៗ ជំរុញ​ការប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ក្រដាស ឬ​ក្រណាត់​ជំនួស​ប្លា​ស្ទិ​ក​ដូចដែល​ជ័យលាភី​រមណីយដ្ឋាន​ទេសចរណ៍​គំរូ និង​សហគមន៍​គំរូ ឆ្នាំ២០១៨នេះ បាន​កំពុង​អនុវត្ត។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវ​សហការ​ជំរុញ​ការបញ្ជ្រាប​ការយល់ដឹង​សាធារណៈ ទៅដល់​បុគ្គលិក​បម្រើ​ការងារ និង​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​នានា អំពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​រៀបចំ​ជា​ក្រម​ប្រតិបត្តិ​អំពី​ប្រការ​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស។

ទី៤. សន្តិសុខ សុវត្ថិភាព៖ គ្រប់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ទាំងអស់​ត្រូវដាក់​ស្លាក​សញ្ញា​ឱ្យបាន​គ្រប់គ្រាន់ ទាំង​ស្លាក​បង្ហាញ​ព័ត៌មាន និង​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​នានា ជាពិសេស​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​ហាមឃាត់ និង​តំបន់​គ្រោះថ្នាក់​ជាដើម ឱ្យ​សមស្រប​ទៅតាម​ស្តង់ដា​អប្បបរមា​រមណីយដ្ឋាន​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ហើយ​ជាមួយនេះ ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​តំបន់​ធ្វើការ​គ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​ឱ្យបាន​ច្បាស់លាស់។ ទទ្ទឹម​នឹង​នេះ ត្រូវ​រៀបចំ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ទៅតាម​ទំហំ​ជាក់ស្តែង ដើម្បី​ផ្តល់ព័ត៌មាន​ក៏ដូចជា​អប់រំ​ភ្ញៀវទេសចរ មុនពេល​ចូលទៅ​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន ហើយ​មន្ទីរ​ទេសចរណ៍​ត្រូវ​ពង្រឹង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ក្នុង​ខេត្ត​របស់ខ្លួន ដើម្បី​ជា​កន្លែង​ប្រមូលផ្តុំ និង​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ពី​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​របស់ខ្លួន​ទៅដល់​ភ្ញៀវទេសចរ។

ទី៥. ការផ្សព្វផ្សាយ៖ មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ត្រូវខិតខំ​បន្ត​ជំរុញ​ឲ្យ​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ទាំងអស់​ចូលរួម​ក្នុងការ​ប្រលងប្រណាំង​នានា ជាពិសេស​ការប្រលងប្រណាំង​គំរូ​ទាំងពីរ​នេះ។

ទី៦. ផ្នែក​ឯកជន៖ វិស័យ​ឯកជន ជាពិសេស​ទីភ្នាក់ងារ​ទេសចរណ៍​ទាំងអស់ ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច និង​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​ទៅកាន់​រមណីយដ្ឋាន និង​សហគមន៍​ទាំងអស់​នៅ​ទូទាំងប្រទេស ជាពិសេស​រមណីយដ្ឋាន និង​សហគមន៍​ជ័យលាភី​ក្នុង​ចលនា​ប្រលងប្រណាំង​គំរូ​ទាំង២នេះ។ ទទ្ទឹម​នឹង​នេះ ត្រូវ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​ឱ្យបាន​ច្រើន សម្រាប់​ប្រជាពលរដ្ឋ សិស្ស-និស្សិត បុគ្គលិក​ឯកជន កម្មករ-កម្ម​ការ​នី មន្ត្រីរាជការ ជាមួយ​តម្លៃ​សមរម្យ ទៅគ្រប់​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស៕