រ​ដ្ឋមន្ត្រីបរិស្ថានជំរុញឱ្យអង្គការ InSTEDD iLab បង្កើតប្រព័ន្ធអេប (APP) ដើម្បីលើក​កម្ពស់​ចំណេះ​ដឹង​បរិស្ថានដល់ប្រជាពលរដ្ឋ

0
650

ភ្នំពេញៈ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតិ​ឱ្យអង្គការ InSTEDD iLab ដែលដឹកនាំដោយលោកស្រី ស៊ុយ ចាន់ណេ ប្រធានគ្រប់គ្រងតំបន់អាស៊ី បានចូលជួប និងស្នើសុំកិច្ចសហការ​ជាមួយ​នឹងក្រសួង​បរិស្ថាន​លើកិច្ចការ​ងារពង្រឹង និងផ្សព្វផ្សាយដើម្បីពង្រឹងចំណេះដឹងបរិស្ថាន។

អង្គការInSTEDD iLab ជាអង្គការ​ជំនាញ​នៅក្នុងការ​ចងក្រង​ព័ត៌មាន​សម្រាប់​ការផ្សព្វ​ផ្សាយ​ទៅកាន់​សាធា​រណៈជន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ​អង្គការ​ប្រចាំតំបន់​មួយនេះ​ពិនិត្យ​មើលលើលទ្ធ​ភាពការធ្វើការជាមួយក្រសួងដើម្បីបង្កើតជាប្រព័ន្ធអេប (APP) ដើម្បីបង្ហាញព័ត៌​មាន​ឱ្យពលរដ្ឋ​បាន​យល់​ដឹងអំពីបរិស្ថាននៅតាមទីតាំងមូលដ្ឋានដូចជាស្រុក ក្រុងជាដើម ដែល​ក្នុង​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ បានលើកឧទាហរណ៍ស្តីពីទីក្រុងឈាន​មុខ​ដែល​មើល​ទៅលើ​ការ​គ្រប់​គ្រង​លើ​អនាម័យ​បរិស្ថាន ការដាំដើមឈើ និងការគ្រប់គ្រងលើប្រព័ន្ធបង្ហូរទឹកជាដើម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអង្គការInSTEDD iLab ធ្វើការជា​មួយអគ្គនាយកដ្ឋាន​ជំនាញ​របស់ក្រសួងបរិស្ថាន​ ដើម្បីធ្វើលើការងារនេះ ឱ្យបានឆាប់​រហ័ស​សម្រាប់​ចូលរួម​ក្នុង​ការលើក​កម្ពស់​ចំណេះដឹងស្តីពីបរិស្ថានឱ្យកាន់តែប្រសើរ៕