
កម្ពុជាបានរកឃើញហ្វូស៊ីល អាយុរាប់លានឆ្នាំ ដែលបង្កប់អាថ៌កំបាំងការកកើតប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាលើសំណាកទាំងនោះ និងមិនទាន់អាចបកស្រាយលម្អិតបាននៅឡើយទេ ខណៈរឿងខ្លះមានប្រវត្តិរាប់លានឆ្នាំទាក់ទងនឹងការកកើតទឹកដីកម្ពុជាទៀតផង។
ហ្វូស៊ីលដែលបានរកឃើញនោះគឺកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយក្រុមស្រាវជ្រាវ នៃនាយកបេតិកភណ្ឌ នៃក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីល ខ្យង គ្រំ និងងាវសមុទ្រក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារដែលអាចមានអាយុរាប់លានឆ្នាំ។
ពេលនោះ លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន លើកឡើងថា “តាមរយៈនៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថា ប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ”។ ដោយសារតែកង្វះអ្នកជំនាញហ្វូស៊ីលនេះនៅមិនអាចវាស់អាយុកាលពិតប្រាកដនៅឡើយទេ ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ហ្វូស៊ីលនេះមានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ។
ដុំហ្វូសីលទាំងនោះមានរាងជាដុំថ្ម ដែលមានផ្ដុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំដែលត្រូវបានរកឃើញនៅលើទួលមួយក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ លោក លឹម វណ្ណច័ន្ទ បានរំពឹងថា ប្រសិនទីតាំងនេះតំបន់ដែលរកឃើញហ្វូស៊ីលត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំទៅដល់ការស្វែងយល់ពីភាពចំណាស់នៃទឹកដីរបស់កម្ពុជា ហើយអាចស្វែងយល់ពីប្រភេទសត្វដែលមានប្រវត្តិក្នុងប្រទេសកម្ពុជា។