រដ្ឋមន្ត្រីទេសចរណ៍៖ និរន្តភាពទេសចរណ៍តាមដងទន្លេ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន

0
810

(កណ្ដាល)៖ ខណៈសល់តែ២សប្ដាហ៍ទៀត ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ នឹងឈាន​ចូល​មក​ដល់នោះ លោក ថោង ខុន បានបញ្ជាក់ថា និរន្តរភាពទេសចរណ៍តាមដងទន្លេ នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់ប្រជាជន។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោករដ្ឋ​មន្រ្ដី​បានថ្លែងថា យើងសង្កេតឃើញថា សក្តា​នុពល​វប្បធម៌ ធម្មជាតិ កសិកម្ម ជីវចម្រុះតាមដងទន្លេ បាននាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ច ជីវភាព​រស់នៅយ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ ពិសេសគ្រប់ខេត្តតាមដងទន្លេ ដែល​មាន​ទីក្រុង​ជាប់​មាត់​ទន្លេ ដែលជាទីតាំងសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនទំនិញ ផ្លាស់​ប្តូរ​ពាណិ​ជ្ជ​កម្ម​ ទេសចរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ។

ម្យ៉ាងទៀត ទីក្រុងក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ ដែល​ចាំបាច់​ត្រូវ​ធ្វើយ៉ាងណាឲ្យទីក្រុងទាំងនេះស្អាត និងបៃតង ដែលជាច្រកចូលទៅកាន់។ ទីក្រុងស្អាត បៃតង ក៏វា​នឹង​នាំទន្លេស្អាត និងបៃតងផងដែរ។

លោក ថោង ខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ និងភ្ញៀវ​ទេសចរ​ចូលរួម​ទស្សនា​ពិធីបុណ្យ​ទន្លេលើក​ទី៤​ ខាងមុខនេះ ដែលក្នុងនោះនឹងមានព្រឹត្តិការណ៍កម្សាន្តជាច្រើន ដូចជាសកម្មភាពកីឡា និង​ការ​លេងកីឡា​លើទឹក ការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាព ការតាំងពិព័រណ៍ម្ហូបអាហារ ព្យុហយាត្រាលើទឹកជាដើម ដើម្បីរួមចំណែកនាំមក​នូវចំណូល​ជូន​ប្រជាពល​រដ្ឋ​នៅ​តាម​ដង​ទន្លេ​ឲ្យ​បាន​ច្រើន។

ពិធីបុណ្យទន្លេលើកទី៤ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ក្រោម​ប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែល​ព្រឹត្តិការណ៍ទេសចរណ៍នេះ នឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕