
ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨–ក្រុមអភិរក្ស បានអះអាងថា សត្វផ្សោត ទន្លេមេគង្គ កម្ពុជា មាន កំណើន ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បើទោះបីជាពួកវាមួយចំនួនបានស្លាប់ដោយសារ សកម្មភាពមនុស្ស និងធម្មជាតិ។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា(WWF) ប្រចាំកម្ពុជា បានឱ្យដឹងថា ការសិក្សាទៅលើចំនួនសត្វផ្សោតទន្លេមេគង្គនាពេល ចុងក្រោយនេះ បានបង្ហាញថា ពួកវាមានចំនួន៩២ក្បាល ដែលជាចំនួនមួយស្ថិត ក្នុងកម្រិត ជឿជាក់បាន៩៥ភាគរយ ខណៈចំនួនប៉ាន់ប្រមាណស្ថិតនៅក្នុងចន្លោះពី៨០ ទៅ១០៦ក្បាល។
ការបង្ហាញពីចំនួនសត្វផ្សោតទន្លេមេគង្គនេះ គឺធ្វើឡើងបន្ទាប់ពីការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ ដើម្បីកំណត់អត្តសញ្ញាណសត្វផ្សោតក្នុងវ័យចំណាស់ និងការចាប់កំណើតរបស់សត្វផ្សោតថ្មី ដែលកំពុងប្រឈមនឹងការគម្រាមកំហែងដោយសារសកម្មភាពមនុស្ស និងធម្មជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លោក សេង ទៀក បានបញ្ជាក់ថា កំណើន នៃចំនួនសត្វផ្សោត ដែលត្រូវបានរកឃើញថ្មី ក្នុងរយៈពេល២ ឬ៣ឆ្នាំម្តងនេះ គឺផ្អែកលើគំរូ វិភាគទិន្នន័យទៅចំនួនសត្វផ្សោតដែលស្គាល់ភិនភាគ សត្វផ្សោតធ្លាប់បានជួយសង្គ្រោះ ឱ្យរស់រានមានជីវិត អត្រានៃកំណើនសត្វផ្សោត និងការរកឃើញទៅ លើកំណើននៃចំនួនសត្វផ្សោតដែលមិនទាន់កំណត់អត្តសញ្ញាណ ស្ថិតនៅក្នុងវ័យជំទង់ដោយទម្រង់ នៃព្រុយខ្នង របស់វានៅល្អនៅឡើយ។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល បានបង្ហាញថា ចំនួនសត្វផ្សោតដែលមិនទាន់កំណត់អត្តសញ្ញាណ មានការកើនឡើងពីចំនួន១៣ក្បាល ក្នុងឆ្នាំ២០១៥ ទៅ១៨ ក្បាល ក្នុងឆ្នាំ២០១៧ ក្នុងនោះកូនផ្សោតចំនួន១២ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៥ ចំនួន ១១ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៦ និងកូនផ្សោតចំនួន៩ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៧ ខណៈចំនួនសត្វផ្សោត១៧ក្បាល ត្រូវបានស្លាប់ក្នុងរយៈពេលដូចគ្នានេះ។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល បានមានប្រសាសន៍ថា លទ្ធផលដែលទទួលបានក្នុងឆ្នាំ២០១៧នេះ គឺជាសញ្ញាវិជ្ជ មានក្នុងការស្តារឡើងវិញនូវសត្វផ្សោតទន្លេមេគង្គ សម្រាប់មនុស្សជំនាន់ក្រោយ ខណៈ ប្រភេទសត្វផ្សោតដ៏កម្រនេះ ជាគោលដៅទេសចរណ៍ដ៏សំខាន់ និងត្រូវបានចាត់ទុកជា សូចនាករនៃសុខភាពរបស់ប្រព័ន្ធទន្លេមេគង្គ ដែលប្រជាជនប្រមាណ៦០លាននាក់ កំពុង ពឹងអាស្រ័យលើទន្លេនេះ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
ឯកឧត្តមបានបន្តថា កំណើន នៃសត្វផ្សោតនេះ បានផ្តល់នូវក្តីសង្ឃឹម និងកម្លាំងចិត្តដល់មន្ត្រីជលផល និងដៃគូអភិរក្ស រួមគ្នាខិតខំការពារ គ្រប់គ្រង និងអភិរក្សបន្តទៀត សម្រាប់គោលដៅទេសចរណ៍ធម្មជាតិ ខណៈពួកវាកំពុងប្រឈមនឹងការគម្រាមកំហែងដូចជា ការជាប់មងនេសាទ ការបំពុល ការបោកគ្រាប់បែកកែច្នៃដើម្បីធ្វើនេសាទខុសច្បាប់ សកម្មភាពនាវាចរណ៍ និងការសាងសង់ វារីអគ្គិសនីជាដើម។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ជាផ្នែកមួយយ៉ាងសំខាន់នៃមរតកធនធានធម្មជាតិ របស់ប្រទេសកម្ពុជា ហើយក៏ជាសត្វមួយដែលប្រជាជនកម្ពុជាគោរពបូជា និងប្រភពផ្តល់ ប្រាក់ចំណូលមួយដ៏សំខាន់សម្រាប់សហគមន៍ដែលចូលរួមក្នុងវិស័យទេសចរណ៍ធម្មជាតិ។
ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ អត្រាកំណើនជាមធ្យមប្រចាំឆ្នាំនៃសត្វផ្សោតទន្លេមេគង្គ គឺមាន០.៩៨ភាគរយ រីឯអត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យមវិញ គឺ២.០១ភាគរយ។ បើប្រៀប ធៀបទៅនឹងរយៈពេលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ អត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យម គឺ៨ភាគរយ និង២.៤ភាគរយ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។
យោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា ថវិកាប្រមាណ៣៥ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណ១៤ម៉ឺនដុល្លារ ត្រូវបាន ចំណាយសម្រាប់ការពារ និងអភិរក្សសត្វផ្សោតនៅទន្លេមេគង្គ ឱ្យមានកំណើនឡើងវិញ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងតំបន់អភិរក្ស និងការ ពារសត្វផ្សោត ដោយហាមប្រាមការប្រើប្រាស់មងនេសាទនៅក្នុងតំបន់ស្នូល នៃដែនជម្រក របស់សត្វផ្សោតដែលលាតសន្ធឹងប្រវែង១៨០គីឡូម៉ែត្រ តាមបណ្តោយទន្លេមេគង្គចន្លោះ ពីទីរួមខេត្តក្រចេះ និងព្រំប្រទល់ប្រទេសឡាវ ក្នុងគោលបំណងការពារសត្វផ្សោតពីការជាប់ដោយចៃដន្យទៅនឹងមងនេសាទ។
ជាមួយគ្នានេះ មន្ត្រីឆ្មាំទន្លេ ក៏ត្រូវបានដាក់ប្រចាំការនៅ ប៉ុស្តិ៍ល្បាតចំនួន១៧ ដើម្បីអនុវត្តអនុក្រឹត្យនេះ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ទៀតដែលពាក់ព័ន្ធទៅនឹងការការពារ និងអភិរក្សធនធានជលផល៕