ការតម្រៀបពុទ្ធបដិមាលើជម្រាលភ្នំ គឺតាមការគ្រោងទុក ៨៤ ០០០ អង្គ បានក្លាយទៅជាទីចាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេសពុទ្ធបរិស័ទ ទៅធ្វើបុណ្យឥតដាច់ នៅវត្តពុទ្ធគិរីកម្ពុជា។ វត្តនេះស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ខេត្តតាកែវ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៣ មកដល់ផ្លូវបំបែក អង្គតាសោម បត់ស្ដាំប្រមាណជា ៤០ គីឡូទៀត នឹងទៅដល់វត្តនេះមិនខាន។
សព្វថ្ងៃនេះ វត្តពុទ្ធគិរីកម្ពុជា បានកសាងព្រះពុទ្ធរូបប្រមាណជា ២ម៉ឺនអង្គរួចហើយ ដោយមិនទាន់រាប់បញ្ចូលពុទ្ធបរិស័ទជិតឆ្ងាយជាវព្រះពុទ្ធរូបអង្គតូច-ធំ ជាហូរហែទៀត នៅឡើយ។

ក្នុងន័យកសាងព្រះពុទ្ធបដិមាចំនួន ៨៤ ០០០ អង្គនេះ គឺប្រតិស្ថានឡើងដើម្បីឧទ្ទិសចំពោះព្រះធម៌ដែលព្រះដ៏មានព្រះភាគជាម្ចាស់បានទ្រង់ត្រាស់សម្ដែងទុកក្នុងគម្ពីរព្រះត្រៃបិដកចំនួន ៨៤ ០០០ ព្រះធម្មក្ខន្ធ ដែលមានបិដកសរុប ១១០ ក្បាល បែងចែកជាបីផ្សេងគ្នា មានព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម សម្រាប់បូជាតំណាងឲ្យព្រះពុទ្ធរូបមួយព្រះអង្គសម្រាប់តំណាងឲ្យមួយព្រះធម្មក្ខន្ធផងដែរ៕






