លោកឧកញ៉ាម៉ុង ឫទ្ធី ជាសេដ្ឋីកសិកម្មស្រុកខ្មែរយើង មានផែនការនាំស្វាយកម្ពុជាទៅទីផ្សារអ៊ឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតយ៉ាងសកម្មរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យទីផ្សារស្វាយកែវរមៀតក្នុងស្រុកមានទីផ្សារកាន់តែធំជាងមុន។ តែនៅពេលថ្មីៗនេះ ខាងភាគីចិនបានដាក់ផែនការនាំផ្លែស្វាយឱ្យបាន២០ម៉ឺនតោនក្នុងមួយឆ្នាំពីប្រទេសកម្ពុជាយើង ក្នុងរយៈពេល៥ឆ្នាំទៀត តែចំពោះលោកឧកញ៉ា ហាក់គ្មានសង្ឃឹមថា នឹងអាចមានផ្លែស្វាយនាំបានគ្រប់ចំនួនរៀងរាល់ឆ្នាំនោះទេ។
លោកឧកញ៉ាម៉ុង ឫទ្ធី មានប្រសាសន៍ថា «ដើម្បីបកស្រាយចម្ងល់ដែលប្រិយមិត្តFacebookយើងសួខ្ញុំថាតើនៅក្នុងប្រទេសយើង មានផ្លែស្វាយដល់ចំនួនហាសិបម៉ឺនតោនជារាងរាល់ឆ្នាំដែឬអត់ទេ»?
លោកឧកញ៉ាបានឆ្លើយតបថា សម្រាប់ចម្លើយដែលខ្ញុំបានអនុវត្តដោយផ្ទាល់ដូចតទៅ អស់រយៈពេលជាង ៣ឆ្នាំកន្លងមក បាននាំផ្លែស្វាយចេញទៅប្រទេសចិនដោយដឹកតាមផ្លូវគោក ចម្ងាយជាង២៤០០គីឡូម៉ែត្រ ឆ្លងកាត់និងយកអាជ្ញាបណ្ណវៀតណាម ចាប់ពីឆ្នាំ២០១៦-២០១៧។
សម្រាប់ឆ្នាំ២០១៨នេះ លោកឧកញ៉ា បាននាំចេញដោយផ្ទាល់ទៅសហគមន៍អឺរ៉ុប និងប្រទេសរុស្ស៊ី ហើយលលោកឧកញ៉ាសុំលើកយកតែផែនការនាំចេញ សម្រាប់ឆ្នាំ២០១៨-២០១៩ និងអនុវត្តបានមកជំរាបជូនតែប៉ុណ្ណោះ។
ជាលទ្ធផល ផែនការនាំចេញទៅលក់នៅសហគមន៍អឺរ៉ុបមានចំនួន ២៥០តោន ទៅប្រទេសរុស្ស៊ីចំនួន២៥តោន យើងបានចាប់ផ្តើមនាំចេញក្នុងខែវិច្ឆិកាឆ្នាំ២០១៧រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ទៅសហគមន៍អឺរ៉ុបបានចំនួន ១៧១តោន និងប្រទេសរុស្ស៊ីបានតែចំនួន ១៥តោនប៉ុណ្ណោះ។
លោកឧកញ៉ាបានបញ្ជាក់ថា «ខ្ញុំមិនមានសង្ឃឹមថានិងអាចមានផ្លែស្វាយនាំចេញឱ្យគ្រប់តាមកិច្ចសន្យា ទីផ្សារអន្តរជាតិដូចខាងលើនេះបានទេ ហើយថ្ងៃព្រហស្បតិ៍ទី២៦ ខែមេសានេះ អ្នកបញ្ជាទិញនៅប្រទេសរុស្ស៊ី ដោយសារតែចង់បានផ្លែស្វាយរបស់កម្ពុជាយើងពេក ក៏បានយល់ព្រមឱ្យប្រមូលយកផ្លែស្វាយដែលមិនបានវេចខ្ចប់ ចំនួន 1T800 នាំចេញសាកល្បងឱ្យបានមុនបំណាច់ខែមេសាខាងមុខនេះ»៕