ម៉ាឡេស៊ី​ចង់មក​​ដាំ​ដុះ​ឬ​ស្សី​នៅ​ខ្មែរ​ ខណៈក្រសួងកសិកម្ម​មាន​ផែនការ​ជំរុញ​ការដាំ​ឬ​ស្សីនៅ​ខេត្ត​ចំនួន៩

0
837

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព​នៃ​ប្រទេស​ម៉ាឡេស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឬ​ស្សី​នៅ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ក្រោម​អធិបតីភាព លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ចាត់ទុកថា ការចុះ MoU រួម​គ្មា​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ក្រសួង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​បើកទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។

លោក​បន្តថា ក្រសួង​បានរៀបចំ​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៣ ដែល​បានផ្តល់​អាទិភាព​ទៅលើ​អនុវិស័យ​ជាច្រើនសំខាន់ៗ ក្នុងចំណោម​នោះ គឺ​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ តាមរយៈ​ការធ្វើ​កសិកម្ម​ចម្រុះ ក្នុង​គោលបំណង​ចំបង គឺ​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ផលិតកម្ម​ឬ​ស្សី ដែលជា​មុខរបរ​មួយ​ថ្មី អាចជួយ​បង្កើត​ការងារ ជូន​ប្រជា​សហគមន៍​ព្រៃឈើ។

គម្រោង​នេះ​ក៏​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ធនធាន​ឬ​ស្សី បង្កើន​ចំណូល​គ្រួសារ កាត់បន្ថយ​ការពឹង​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់បន្ថយ​ចំណាកស្រុក តាមរយៈ​ការបង្កើន​ពង្រឹង និង​ពង្រីក​ផលិតកម្ម​កែច្នៃ​ឬ​ស្សី​របស់​កម្ពុជា ឲ្យ​មាន​ផលិតភាព​និង​គុណភាព សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំចេញ។

លោក វេ​ង សាខុន បញ្ជាក់ថា «គោលដៅ​របស់​យើង សហគមន៍​ព្រៃឈើ​ជា​អ្នក​ដាំ​ដុះ ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ និង​បង្កើន​ចំណូល​ដល់​សមាជិក សហគមន៍​ព្រៃឈើ តាមរយៈ​ការលក់​ឬ​ស្សីដល់​ក្រុមហ៊ុន​ម៉ាឡេស៊ី ជា​អ្នកប្រមូល​ទិញ​ក្នុង​កែច្នៃ»។

បើតាម​លោក​រដ្ឋមន្ត្រី​តាម​កិច្ចសហប្រតិបត្តិការ ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឬ​ស្សី​នេះ ក្រសួងកសិកម្ម​មាន​ផែន​ការដាំដុះ​ឬ​ស្សី នៅ​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី រតនគីរី សៀមរាប ព្រះវិហារ ឧ​ត្ត​រ​មានជ័យ បាត់ដំបង និង​កោះកុង។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ឬ​ស្សី​នោះ​នឹង​យកទៅ​កែច្នៃ​ធ្វើជា​កន្សែង​ជូត​ខ្លួន, ឧបករណ៍​សំភារ​ប្រើប្រាស់​នៅក្នុង​ផ្ទះ និង​ក្នុង​ការិយាល័យ, គ្រឿង​សង្ហ​រឹម។ល៕