«បឹងម៉ាឈិត»ខេត្ដបាត់ដំបងនឹងអភិវឌ្ឍន៍ជាកន្លែងទេសចរណ៍សក្ដានុពល

0
1082
បឹងម៉ាឈិត ដែល​កំពុង​មាន​គម្រោង​អភវឌ្ឍន៍​ទៅជាតំបន់ទេសចរណ៍សក្ដានុពល​ស ពី​អាធរ​ផ្ទាល់​។

បាត់ដំបង៖ ដើម្បីឲ្យខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍ មកលេងកម្សាន្តកាន់តែច្រើន និងជួយឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត កាន់តែមានជីវភាពធូរធារ តាមរយៈកំណើនភ្ញៀវទេសចរណ៍នេះ ព្រមទាំងស្របពេលរាជរដ្ឋាភិបាល បានជ្រើសរើសយកក្រុងបាត់ដំបង ក្នុងចំណោមក្រុងចំនួន៧ ទៅប្រកួតប្រជែងជាទីក្រុងស្អាតថ្នាក់តំបន់អាស៊ាននោះ អាជ្ញាធរខេត្តគ្រោងនឹងយកបឹងធម្មជាតិមួយឈ្មោះ បឹងម៉ាឈិត ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុក ថ្មគោល អភិវឌ្ឍន៍ប្រែក្លាយទៅជាតំបន់ទេសចរណ៍។

ក្រោយទទួលព័ត៌មាន ថាអាជ្ញាធរខេត្តគ្រោងអភិវឌ្ឍន៍បឹងម៉ាឈិត ប្រជាពលរដ្ឋម្នាក់ឈ្មោះ កៅ លឿត ភេទស្រី អាយុ៦០ឆ្នាំ រស់នៅជិតបឹងធម្មជាតិនេះ បានលើកឡើងថា សប្បាយចិត្ត ព្រោះ ពេលអភិវឌ្ឍន៍បឹងនេះ នឹងធ្វើឲ្យខេត្តមានការរីកចម្រើន និងប្រទេសជាតិក៏រីកចម្រើនដែរ ហើយ ប្រជាពលរដ្ឋក្នុងភូមិ-ឃុំ មានភាពកុះករអាចបង្កើតមុខរបររកស៊ីបានច្រើន ។

ស្ត្រីរូបនេះបានបន្តថា ការបង្កើតឲ្យមានរមណីយដ្ឋាននេះឡើង បានធ្វើឲ្យប្រជាពលរដ្ឋទាំង ជិត និងឆ្ងាយ មកចង់មើលចង់ឃើញ និងចង់សប្បាយដូចគ្នាៗ ព្រោះបច្ចុប្បន្នដែលមិនទាន់បាន អភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ផង នៅមានប្រជាពលរដ្ឋក្នុងខេត្ត មកលេងកម្សាន្តទឹកតាមអាង និងប្រឡាយ ដែលទើបស្ដារថ្មីៗ ។

ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ រ័ត្ន អាយុ៣៥ឆ្នាំ កំពុងលក់ដូរចំណីអាហារហូបចុកបន្តិចបន្តួច នៅជិតបឹងម៉ាឈិត បានថ្លែងថា បច្ចុប្បន្នបឹងនេះ ជារៀងរាល់ថ្ងៃមានពលរដ្ឋ និងសិស្សសាលា តែងតែមកកម្សាន្តនៅពេលរសៀល និងល្ងាច ដោយអ្នកខ្លះមកស្រូបយកខ្យល់អាកាស ខ្លះស្ទួចត្រី និងខ្លះទៀតមកមើលលេងកម្សាន្ត ។

ពលរដ្ឋដដែល បានបន្ថែមថា នៅពេលអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍មែន អាជីវកម្មរបស់ គាត់នឹងអាចលូតលាស់បានល្អ លក់បានដាច់ ហើយនៅពេលភ្ញៀវមកច្រើន គាត់នឹងអាចពង្រីក របររបស់ខ្លួន ឲ្យធំជាងនេះបន្តទៀត ថែមទាំងជួយធ្វើឲ្យជីវភាពរស់នៅកាន់តែល្អជាងសព្វថ្ងៃ ។
ក្នុងពិធីបើកបឋមសិក្ខាសាលាសាងសង់អគារថ្មី នៅឃុំជ្រៃ កាលពីពេលថ្មីៗនេះ លោក អ៊ុក គឹមលេខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ គណៈពង្រឹងខេត្ត និងអាជ្ញាធរខេត្តបាត់ដំបង នឹងអភិវឌ្ឍន៍ បឹងម៉ាឈិត ទៅជាតំបន់ទេសចរណ៍ ដោយមានសាងសង់ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានធំជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ហើយតំបន់ ទេសចរណ៍នេះ នឹងដាក់ឈ្មោះថា រមណីយដ្ឋានសម្ដេចក្រឡាហោម ស ខេង ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១នេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានយក ទីក្រុងចំនួន ៧ មានរាជធានីភ្នំពេញ កំពង់ចាម ក្រចេះ កំពត កែប សៀមរាប និងព្រះសីហនុ ចូលរួមប្រកួតប្រជែងដណ្ដើមជ័យលាភីស្ដង់ដាទីក្រុងស្អាតកម្រិតតំបន់អាស៊ាន លើកទី១ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។

ដើម្បីឲ្យទីក្រុងកាន់តែស្អាត លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានណែនាំដល់អាជ្ញាធរខេត្តទាំង៧ ពង្រឹងការសម្អាតបរិស្ថានក្រុង ជាពិសេស ការគ្រប់គ្រងសំរាម សន្តិសុខ សណ្ដាប់ធ្នាប់ និងបញ្ហាបង្គន់អនាម័យ ឲ្យកាន់តែល្អប្រសើរ ៕