ប្រទះ​ឃើញ​វត្ថុបុរាណ​ជា​ច្រើន​ប្រភេទ​នៅ​បរិវេណ​ទីស្ដី​​ការ​អគ្គិសនី​កម្ពុជា​ ក្បែរ​វត្ត​ភ្នំ

0
1081

ភ្នំពេញៈ ​វត្ថុបុរាណ ដែល​រួម​​មាន​ព្រះពុទ្ធ​បដិមា​ ដែល​សាង​ពីថ្ម​ភក់ និង​លោហ​ធាតុ​ រួម​ទាំង​កុលាភាជន៍​ជាច្រើន​ប្រភេ​ទ​​ទៀត​ ត្រូវបាន​ក្រុម​មន្ត្រី​ជំនាញ​ពាក់​​ព័ន្ធ​ប្រមូល​យក​មក​រក្សា​ទុក​សម្រាប់​​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ បន្ទាប់​ពី​​ជីក​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្ដៅ​ដីនៃ​បរិវេណ​ទីស្ដី​​ការ​អគ្គិសនី​កម្ពុជា​ដែល​ស្ថិត​នៅ​ខាង​កើត​រមណីយ​ដ្ឋាន​វត្ត​ភ្នំ។

លោក ជុំ វុឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈរាជធានី​ភ្នំពេញ ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ នៅថ្ងៃអាទិត្យ​ថា កាល​ពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ ឆ្នាំ ២០១៩ ក្រុម​មន្ត្រី​អាជ្ញាធរ​ជាតិ​អគ្គិសនី​កម្ពុជា បាន​ផ្ដល់​ដំណឹង​មក​ថា ពួកគេ​បាន​ប្រទះឃើញ​ព្រះពុទ្ធ​​បដិមា និង​កុលា​​ភាជន៍​ជាច្រើ​ន​ប្រភេទបន្ទាប់​ពីបាន​ជីក​កកា​យ​​ដីនៅ​ផ្នែក​ខាង​កើត​នៃបរិវេ​ណ​ទី​ស្ដីការ​អគ្គិសនី​កម្ពុជា ដើម្បី​បុកគ្រឹះ​សាង​សង់​​​អគារ​រដ្ឋបាល​​អគ្គិសនី​​កម្ពុជា​​បន្ថែម​ទៀត សម្រាប់​សម្រួល​ការងារ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន។

លោក​បាន​ថ្លែង​ថា ក្រោយ​ពី​បាន​ទទួល​សេចក្ដី​រាយការណ៍​នោះ លោក​បាន​រាយ​ការណ៍​បន្ត​ទៅ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ ​ព្រម​ទាំង​មន្ត្រី​ជំនាញ​នៃស្ថាប័ន​ពាក់​ព័ន្ធមួយ​ចំនួន​ទៀត​ ចុះទៅ​ពិនិត្យ​មើល​ដល់​ទីកន្លែង​ជាក់​ស្ដែង​ ដើម្បី​ប្រមូល​យក​មក​រក្សា​ទុក​ ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ពីប្រវត្តិ​នៃ​ព្រះពុទ្ធ​បដិមា និង​កុលា​ភាជន៍​ទាំង​នោះ។

លោក​​បញ្ជាក់​ថា​៖​ «ព្រះ​ពុទ្ធ​បដិមានិងកុលាភា​ជ​ន៍​ទាំង​នោះធ្វើ​ឡើង​ពី​ថ្មភក់ ដី និងលោហ​ធាតុ​ផ្សេងៗ​។ នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​យើង​ នៅ​មិន​ទាន់​ដឹង​ថា​ បុរាណ​វត្ថុ​ទាំង​នោះ​ត្រូវបាន​គេស្ថាបនា​ឡើង​នៅពេល​ណា​នោះ​ទេ​ ប៉ុន្តែ វា​ទំនង​ជា​ត្រូវ​បាន​គេ​ស្ថាបនា​ឡើង​ នៅ​ចន្លោះ​សតវត្សរិ៍ទី​ ១៣ និង ទី១៤ ព្រោះ​ទីតាំង​នោះ​ ដើម​ឡើយ​​មាន​គុហា​​ចំណាស់​​មួយ មុន​ការ​កសាង​ទីទួល​វត្តភ្នំ​នា​ពេល​បច្ចុប្បន្ន»។

លោក​​ថ្លែង​ថា នៅ​ពេល​នេះ​បុរាណ​វត្ថុ​ទាំង​នោះ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​រៀប​ចំ​ទុក​ដាក់​ក្នុង​កន្លែង​មាន​សុវត្ថិ​ភាព​ និង ចុះ​បញ្ជី​តាម​លក្ខណៈ​បច្ចេកទេស​ជា​បណ្តោះ​អាសន្ន​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ ហើយ​ក្នុង​រយៈ​ពេល​ ២-៣ ​ថ្ងៃខាង​មុខ​នេះ ក្រុម​មន្ត្រី​ជំនាញ​នឹង ចេញ​លទ្ធផល​អំពី​ប្រវត្តិ​នៃបុរាណ​វត្ថុ​ទាំង​នេះ​ដល់​សាធា​រណជន​ឲ្យ​បាន​ដឹង។

ជា​មួយ​គ្នា​នេះ លោក​បាន​អំពាវនាវ ដល់​សាធារណជន​ចូល​រួម​សហការ​ដោយរាយ​ការណ៍​ជូន​មន្ទីរវប្បធម៌​ និង​ក្រសួង​ដើម្បី​ចុះ​ពិនិត្យ​ ប្រសិន​បើបាន​ជួប​ប្រទះ​នូវ​រាល់​វត្ថុ​ទាំង​ឡាយ​ណា ដែល​សង្ស័យ​ថា ជា​វត្ថុ​បុរាណ​ដូច​ក្នុង​ករណី​ខាង​លើ៕