ព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតធំមួយដែលមានតម្លៃ ១,៨៥ លានដុល្លារអាមេរិក ត្រូវបានបើកឱ្យដំណើរការអាជីវកម្ម ក្រោមវត្តមានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ។
នាវាទេសចរណ៍របស់ក្រុមហ៊ុនកោះរ៉ុង ដាយសិនធឺរនេះ ជាប្រភេទទូកភ្លោះ ល្បឿនលឿន មានបណ្តោយ៣៧ម៉ែត្រ ទទឹង១២ម៉ែត្រ កម្ពស់៣ជាន់ អាចផ្ទុកភ្ញៀវបានចំនួន៤៥០នាក់ មានសុវត្ថិភាព និងផាសុខភាពសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ទៅតាមកោះនានា ក្នុងខេត្តព្រះសីហនុ។
លោក យន្ត មីន បានថ្លែងថា នាវាទេសចរណ៍នេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ពិសេសការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ កាន់តែទំនើប មានសុវត្ថិភាពបន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរ ៕