ប្រទេសឡាវ​នឹង​ចូលរួម​ចរចា​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន

0
780

ទីក្រុង​វៀងចន្ទន៍ ៖ ប្រទេស​ថៃ និង​ចិន​នឹង​មាន​កិច្ចចរចា​ជាមួយ​ឡាវ ស្តី​ពី​កា​រត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចាប់ពី​ខេត្ត Nong Khai របស់​ថៃ ទៅ​ទីក្រុង​វៀងចន្ទន៍​របស់​ឡាវ​។

ការ​សម្រេចចិត្ត​នេះ បាន​កើត​មាន​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​អ្នកតំណាង​ក្រសួង​ដឹក​ជញ្ជូន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន Arkhom Termpittayapaisith របស់​ថៃ និង​ភាគី​ចិន​ដឹកនាំ​ដោយ​លោក Wang Xiaotao អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កែទម្រង់​នៅ​ក្រុង​ប៉េ​កាំ​ង ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ កុម្ភៈ កន្លង​មក ។

តាម​ប្រភព​ពី​ក្រសួង កិច្ចប្រជុំ​នេះ​បាន​សម្រេច​ថា គម្រោង​ផ្លូវ​រថភ្លើង​ពី​ក្រុង​បាងកក​ទៅ​ខេត្ត​ជាប់​ព្រំដែន​ឡាវ Nong Khai គួរតែ​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ ។ ជា​លទ្ធផល ចិន​នឹង​អញ្ជើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ឡាវ​មក​ចរចា​ពី​គម្រោង​នេះ ។

ការ​ចរចា​រវាង​ភាគី​ទាំង​៣ នឹង​មាន​គោលដៅ​ធានា​ថា ការ​សាងសង់​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ល្បឿន​​លឿន​ក្នុង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​សម្របសម្រួល និង​មានការ​ត​ភ្ជាប់​ដ៏​ល្អ ។ ការ​ចរចា​នឹង​រួម​បញ្ចូល​ដំណើរការ​អន្តោប្រវេសន៍ និង​ពន្ធ​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ព្រំប្រទល់​ផង​ដែរ ។

ដំណាក់កាល​ទី​១​នៃ​គម្រោង​នេះ គឺ​ប្រព័ន្ធ​ត​ភ្ជាប់​ក្រុង​បាងកក និង​ខេត្ត Nakhon Ratchasima ដែល​មាន​តម្លៃ​ប្រមាណ​៥,៦​ប៊ី​លាន​ដុល្លារ ហើយ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​មុន ។

នៅ​ក្រោម​គម្រោង​រួម​នេះ ប្រទេស​ថៃ​គឺជា​ម្ចាស់​គម្រោង ហើយ​ចិន​មាន​តួនាទី​ផ្នែក​វិស្វ​កម្ម​ផ្គត់ផ្គង់​ប្រព័ន្ធ និង​ឧបករណ៍​ផ្សេង​ៗ ។

យោង​តាម​កិច្ចប្រជុំ​នៅ​ក្រុង​ប៉េ​កាំ​ង​កន្លង​មក ក្រសួង​ដឹក​ជញ្ជូន​នឹង​ត្រួតពិនិត្យ​ការ​សិក្សា​របស់​ចិន​សម្រាប់​ដំណាក់កាល​ទី​២​នៃ​គម្រោង​ដែល​គ្របដណ្តប់​ខេត្ត Nakhon Ratchasima ទៅ​ខេត្ត Nong Khai រវាង​ខែមីនា ដល់​ខែឧសភា មុន​ពេល​ស្នើ​ទៅ​ក្រុម​គណៈរដ្ឋមន្ត្រី​ក្នុង​ខែមិថុនា ។

ប្រភព​បន្ត​ថា ប្រសិនបើ​គណៈរដ្ឋមន្ត្រី​យល់​ស្រប​តាម​ការ​សិក្សា​នេះ ពួក​គេ​នឹង​ត្រូវការ​រយៈពេល​១០​ខែ​ដើម្បី​ច្នៃ​គម្រោង ហើយ​ការ​ដេញថ្លៃ​អាច​នឹង​ចាប់ផ្តើម​នៅ​ត្រីមាស​ទី​២ ឆ្នាំ​ក្រោយ ។

លើស​ពី​នេះ ប្រទេស​ចិន​បាន​យល់​ស្រប​ផ្ទេរ​បច្ចេកវិទ្យា​មក​កាន់​ភាគី​ថៃ ក្នុង​ផ្នែក​៣​ធំ​ៗ​រួម​មាន ការ​ច្នៃ​ម៉ូ​ដ​-​ប្រព័ន្ធ​ស៊ី​វិល​, ការ​គ្រប់គ្រង​-​ត្រួតពិនិត្យ​ប្រព័ន្ធ និង​ការ​តាមដាន​-​ជួសជុល​ប្រព័ន្ធ​ផង​ដែរ ៕